រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖អាវកាក់ជូនអ្នកសារព័ត៌មានជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មាន

ភ្នំពេញ៖អាវកាក់សម្រាប់អ្នកកាសែតដែលមានសរសេរអក្សរទាំងភាសាខ្មែរនិងអង់គ្លេសបញ្ជាក់ថា”អ្នកសារព័ត៌មាន,PRESS”ចំនួនជាង៤០០អាវ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃចន្ទកន្លងទៅ។

ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថាអាវកាក់អ្នកសារព័ត៌មាន ជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈ​​ដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មានបង្កើនសុចរិតភាពក្នុង ការប្រមូលព័ត៌មាននិងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ចក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មានអំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ ឯ

សុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់។ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ទន្ទឹមនឹងមានបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅជាប់ខ្លួនពេលចុះយកព័ត៌មាន អាវកាក់អ្នកកាសែតនេះក៏ជាផ្នែកមួយជួយឱ្យភាគីពាក់ព័ន្ធបានដឹង និងបានឃើញពីវត្តមានអ្នកសារព័ត៌មាននៅលើទីតាំង និងផ្តល់នូវការគាំទ្រផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានផ្តល់អាវកាក់ អ្នកសារព័ត៌មានដល់សមាគមនិងអង្គភាពព័ត៌មាននានាក្នុងប្រទេសកម្ពុជានិងជូនក្រសួងព័ត៌មានដើម្បីចែកចាយបន្តដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីព។

ត្រឡប់ទៅជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Alam,Sardar Umarតំណាងអង្គការ យូណេស្កូប្រចាំនៅកម្ពុជាកាលពីចន្ទដែលជាថ្ងៃប្រគល់ជូនអាវកាក់សម្រាប់អ្នកកាសែត តំណាងអង្គការយូណេស្កូបានបង្ហាញ រីករាយចំពោះកិច្ចសហការរបស់ក្រសួងព័ត៌មានក្នុងការគាំទ្រលើ ការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។ ជាមួយគ្នានេះតំណាង អង្គការយូណេស្កូក៏បានគូសបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្តល់ការគាំពារនានាដល់អ្នកសារព័ត៌មានក្នុងនោះរួមមានការរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយច្បាស់លាស់និងការបណ្តុះ បណ្តាលធនធានមនុស្សក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតាមរយៈការបើកសិក្ខាសាលារួមគ្នារវាងក្រសួងព័ត៌មាននិងអង្គការ​យូណេស្កូដោយមានការអញ្ជើញចូលរួមពីសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម។

សូមជម្រាបថា ដោយចំនួនអាវកាក់មានចំនួនកំណត់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាបានអំពាវនាវដល់អ្នកសារព័ត៌មានដែល ចង់បានអាវកាក់អ្នកសារព័ត៌មាននេះសូមទំនាក់ទំនងនិងចុះឈ្មោះជាមួយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានជាមុនតាមរយៈលេខទូរស័ព្ទ ០១២ ៨១៨ ៧៦៦ ហើយពិធីចែកអាវកាក់នេះនឹងត្រូវរៀបចំក្នុងពេលឆាប់ៗនេះ។ ករណីមានការស្នើសុំច្រើនលើសចំនួនដែលមានឯកឧត្តមរដ្ឋមន្ត្រីនឹងធ្វើកិច្ចការបន្តជាមួយតំណាងអង្គការយូណេស្កូដើម្បីទទួលបានការគាំទ្រផ្តល់អាវកាក់បន្ថែម៕
ដោយ៖ពលជ័យ

ads banner