អាងទន្លេមេគង្គកម្ពុជាប្រឈម នឹង ការគោករាក់
ភ្នំពេញៈ ការដុះកោះនិង កំណកខ្សាច់បានបង្កឲ្យអាងទន្លេមេគង្គ និងព្រែកក្នុង ខេត្ត ចំនួន បួនបានគោករាក់ដែល បានផ្លាស់ប្តូរចរន្តទឹក និងអាច បង្ក គ្រោះថ្នាក់ធ្ងន់ធ្ងរ។ នេះ បើយោងតាម មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និង ក្រុមមន្ត្រី មូលដ្ឋានដែល បានប្រាប់ ទូរទស្សន៍ អប្សារាកាលពីថ្ងៃចន្ទ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និង ឧតុនិយម មាន ប្រសាសន៍ថា បាតុភូត នេះ បាន បណ្តាល ឲ្យ ផ្នែក ខ្លះ នៃ ទន្លេមេគង្គ ក្នុង ខេត្ត ក្រចេះ ខេត្ត ត្បូង ឃ្មុំ ខេត្ត កំពង់ចាម និង ព្រែកមួយ ចំនួនក្នុងខេត្ត កោះកុង ទទួល រង ផល ប៉ះ ពាល់។ ហើយ ក្នុង ពេល នេះ ក្រុមមន្រ្តីជំនាញ បានចុះប្រមូលទិន្នន័យ និងពិនិត្យបាតទន្លេរួច ហើយ ដែរ។
ឯកឧត្តម បញ្ជាក់ ថា ទិន្ន័យ ដែល ប្រមូល បាន បង្ហាញថាដី ដុះនៅក្នុង អាង ទន្លេ បាន បង្វែរ លំហូរ ទឹក និង ធ្វើ ឲ្យ ទឹក ហូរ បុក ច្រាំង ហើយ បណ្តាល ឲ្យ បាក់ ច្រាំង ទន្លេ នៅ តាម ទី កន្លែង មួយ ចំនួន។
នៅខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ អភិបាលរង និង ជាអ្នកនាំពាក្យ បានឱ្យដឹងថា ដង ទន្លេបានគោករាក់នៅ ផ្នែក ខ្លះចាប់ពីចំណុច ស្រុក ស្ទឺង ត្រង់ ស្រុកកំពង់សៀម និង ក្រុង កំពង់ ចាម។ ចំណែក ឯដង ព្រែក ចំនួន ៤១ ក្នុងតំបន់ ទាំងនេះ ក៏ ស្ទើរ តែ គោករាក់ផងដែរ ដោយ មានដុះជាខ្សាច់ និង ដុះ កោះ។
« ពេល ដែល វា ប្រែប្រួល ច្រាំងទន្លេ ក៏ ប្រែប្រួល ម្ខាង ដុះ ម្ខាង បាក់ ចឹងវាត្រូវ ប៉ះ ពាល់ដី ចំការ ប្រជាពលរដ្ឋ លែងបានធ្វើ ការ ចម្ការអាស្រ័យផល រឹតតែធ្វើ ឲ្យ គាត់លំបាក និង ប៉ះ លំនៅឋាន ផ្លូវ វត្ត អារាម បាក់ ស្រុត»។
ព្រែកមួយចំនួនក៏មានបញ្ហាដូចអាងទន្លេមេគង្គដែរ។ ឯកឧត្តម សុខ សុទ្ធី អភិបាលរងនិង ជា អ្នកនាំពាក្យ ខេត្ត កោះកុង បាន ប្រាប់ទូរ ទស្សន៍អប្សរាដែរថា ព្រែក ស្រែអំបិល ព្រែកកោះប៉ោល ព្រែកខ្សាច់ បាន គោក រាក់ និង ធ្វើ ឲ្យ ប៉ះពាល់ ដល់ចរាចរ ទូក នេសាទ របស់ ប្រជាពលរដ្ឋ ដែល រស់ នៅ តាម តំបន់ ទាំង នេះ។
លោកស្រី ខឿន ស្រីល័ក្ខណ៍ ប្រធានផ្នែកគម្រោងនៃអង្គ ការអភិវឌ្ឍន៍ជនបទភូមិភាគ ឦសាន្ត បារម្ភថាការគោករាក់ នៃ អាង ទន្លេ និង ព្រែក នឹង បង្កការប៉ះ ពាល់ ដល់ ការ ធ្វើដំណើរ តាមផ្លូវទឹក របស់ ប្រជាពលរដ្ឋ កង្វះទឹកប្រើប្រាស់ ដល់ សហគមន៍ ជាដើម។
ទោះ ជា យ៉ាង ណា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និង ឧតុនិយម បញ្ជាក់ថា ក្រសួង នឹងកំពុង បន្ត ពិនិត្យ តាម ដាន ស្ថាន ភាព អាង ទន្លេ មេគង្គ និង ព្រែក និងសិក្សាពីហានិភ័យដែលអាចកើតមានដើម្បី អាច បញ្ចៀសគ្រោះថ្នាក់ ទាន់ ពេល វេលា។ បាតុភូតនេះកើតឡើងស្របគ្នានឹងការរកឃើញរបស់អង្គការ Action Aid ដែលថា ដោយសាររលកកំដៅនិងក្រមានភ្លៀងធ្លាក់ ទឹកក្រោមដីនៅខេត្តចំនួនប្រាំបីទូទាំងប្រទេសកំពុងប្រឈមនឹងការរីងខះដែលអាចបណ្តាលឲ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ទន្លេមេគង្គ មាន ប្រភព នៅ ខ្ពង់រាប តំបន់ ទី បេ។ ទន្លេនេះមាន ប្រវែង ប្រហែល ៤ ២០០ គីឡូម៉ែត្រ ដែល ហូរ កាត់ ប្រទេស ចិននៅផ្នែកខាងលើនៃអាង បន្តមកប្រទេស មី យ៉ាន់ ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ មុននឹង ហូរ ចាក់ ទៅក្នុង សមុទ្រ ចិន ខាងត្បូង ។ កញ្ញា ចាន់ ដាលី មន្ត្រីទំនាក់ទំនងនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេង្គ បានឲ្យដឹងថា មកដល់ពេលនេះពុំមានរបាយការណ៍ផ្លូវការពីស្ថានភាពប្រទេសបួនផ្សេងទៀតដែលតាមបណ្តោយអាងទន្លេមេគង្គក្រោមនៅឡើយទេ ខណៈដែលប្រទេសទាំងនេះក៏រងការប្រហារដោយការឡើងកម្តៅខ្លាំងផងដែរ៕



ដោយ:សែន ដាវិត