កណ្តុរងាប់ក្នុងនំបុ័ងជប៉ុន Pasco ក្រុមហ៊ុនប្រមូល ១០ម៉ឺនកញ្ចប់មកវិញ

នំប៉័ងចំនួន១០ម៉ឺនកញ្ចប់ របស់ក្រុមហ៊ុនជប៉ុន Pasco Shikishima ត្រូវបានប្រកាសប្រមូលមកវិញ
បន្ទាប់ពីរកឃើញបំណែកខ្មោចសត្វកណ្ដុរនៅក្នុងកញ្ចប់នំបុ័ង។

សាជីវកម្មនេះ បានអះអាងថា គិតមកដល់ថ្ងៃពុធ មិនទាន់មានព័ត៌មានអំពីមនុស្សធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគនំបុ័ងពណ៌ស ប្រភេទ Chojuku នៅឡើយទេ។ នំប៉័ងប្រភេទនេះជាអាហារពេលព្រឹករបស់ជប៉ុន ជាយូរមកហើយ។

ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ សូមអភ័យទោស ចំពោះការបង្កបញ្ហាដល់អតិថិជន បែបនេះ ហើយអះអាងថា រោងចក្រមួយ ក្នុងទីក្រុងតូក្យូ ត្រូវបានផ្អាក ដោយរង់ចាំការស៊ើបអង្កេត ហើយបានបន្ថែមថា ក្រុមហ៊ុននឹងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ដើម្បីធានាថា នឹងមិនឲ្យមានការកើតឡើង រឿងបែបនេះ ម្តងទៀតនោះទេ។

ការប្រមូលអាហារមកវិញ បែបនេះ គឺកម្រកើតមានណាស់ នៅក្នុងប្រទេសជប៉ុន ព្រោះ ជប៉ុនល្បីជាយូរមកហើយថា ជាប្រទេសមានស្តង់ដារ អនាម័យខ្ពស់។ កាលពីឆ្នាំ២០២៣ គេឃើញមានសត្វកន្លាតក្នុងអាហារដែលលក់នៅផ្សារទំនើប 7-Eleven នៅជប៉ុន។ រឿងអាស្រូវបំភ័យសុខភាពចុងក្រោយបង្អស់ នៅប្រទេសជប៉ុន គឺបញ្ហាអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនឱសថ Kobayashi ដែលបណ្តាលឲ្យអ្នកប្រើប្រាស់មួយចំនួន ស្លាប់ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner