កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺជាស្ពានបន្តក្តីស្រមៃយុវជន ក្នុងការវិលត្រលប់មកកាន់ការសិក្សា

(កំពង់ស្ពឺ)៖ លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់យុវជនដែលមានជីវភាពក្រីក្រ អាចបន្តក្តីស្រមៃក្នុងការសិក្សា អភិវឌ្ឍសមត្ថភាពជំនាញ ដើម្បីមានឱកាសក្នុងការប្រគួតប្រជែងក្នុងទីផ្សារការងារដែលមានស្រាប់។

នាយកវិទ្យាស្ថានរូបនេះថា៖« ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះគឺជាឱកាសល្អណាស់សម្រាប់យុវជនដែលមានជីវភាពក្រីក្រ ពួកគេរៀនជំនាញដោយឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់សិក្សាចប់ មានឱកាសក្នុងការរកការងារធ្វើល្អ ទទួលបានប្រាក់ចំណូលសមរម្យបន្ទាប់ពីសិក្សាចប់»។

លោកបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជន ដូច្នេះពួកគេត្រូវចាប់យកឱកាសមាសនេះឱ្យបានពីព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានជួយជ្រោមជ្រែងសិស្សទាំងឡាយណាដែលបញ្ចប់ការសិក្សា ដូចជាមានការរៀបចំក្រុមហ៊ុនចុះហាត់ការ និងការផ្តល់ឱកាសការងារតាមក្រុមហ៊ុនឯកជនជាច្រើនទៀត។ លោកបានអំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញឱ្យបានគ្រប់ៗគ្នា ធ្វើយ៉ាងណាយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច ។

ដោយឡែក លោក រៀម សុភា គ្រូបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា៖«ក ម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះអាចប្រែក្លាយយុវជនដែលប្រើកម្លាំងក្នុងការធ្វើការ មកជាយុវជនដែលប្រើជំនាញធ្វើការវិញ។ វាក៏ប្រែក្លាយយុវជនដែលគ្មានជំនាញ មកមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីឈានជើងចូលក្នុងទីផ្សារការងារដែលមានស្រាប់»។

លោកបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេសបានចុះមូលដ្ឋានផ្ទាល់ ដើម្បីគៀគរយុវជនមកចុះឈ្មោះចូលរៀនជំនាញនេះ ហើយភាគច្រើននៃយុវជនគឺធ្វើការដោយប្រើកម្លាំង ហើយគ្មានជំនាញ ដូច្នេះការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាការផ្តល់ឱកាសយ៉ាងសំខាន់ក្នុងការឱ្យពួកគេងាកមកសិក្សាចាប់យកជំនាញ ពិតប្រាកដមួយដើម្បីអាចទទួលបានចំណូលសមរម្យជាងការងារដែលគ្មានជំនាញ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner