អង្ករឡើងថ្លៃ ឥណ្ឌូនេស៊ីបន្តចែកអង្ករឲ្យប្រជាជន ២០លាននាក់
ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃចន្ទនេះ បានថ្លែងថា ប្រទេសឥណ្ឌូនេស៊ីអាចនឹងបន្តកម្មវិធីចែកអង្កររបស់ខ្លួនបន្ថែមទៀតក្នុងរយៈពេល ៦ខែ ពោលគឺរហូតដល់ខែធ្នូចុងឆ្នាំ បើទោះបីជាមានការបន្ធូរបន្ថយតម្លៃអង្ករក៏ដោយ។
ប្រធានាធិបតីឥណ្ឌូនេស៊ីផុតអាណត្តិ លោក ចូកូ វីដូដូ បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភអង្ករទទួលបានជោគជ័យខ្លាំង ក្នុងការទប់ស្កាត់ការឡើងថ្លៃអង្ករក្នុងស្រុក ដែលជាអាហារចម្បងសម្រាប់ប្រជាជនជាង ២៧០លាននាក់របស់ប្រទេសឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បាននឹងកំពុងឧបត្ថម្ភអង្ករចំនួន ១០គីឡូក្រាមក្នុងមួយខែដល់គ្រួសារដែលមានប្រាក់ចំណូលទាបជាង ២០លាននាក់ ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ដើម្បីជួយពួកគេទប់ទល់នឹងតម្លៃស្រូវដែលមានតម្លៃខ្ពស់ ខណៈដែលបាតុភូតអាកាសធាតុ El Nino បានបង្កជាគ្រោះរាំងស្ងួតប៉ះពាល់ដល់ទិន្នផលដាំដុះស្រូវ។
កម្មវិធីចែកអង្ករដែលបានចាប់ផ្តើមនៅខែមីនា ដល់ខែមិថុនាឆ្នាំមុន នឹងត្រូវបញ្ចប់ក្នុងខែមិថុនា បន្ទាប់ពីការពន្យារពេលច្រើនដង។ Bulog ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងរបស់ប្រទេសឥណ្ឌូនេស៊ី បានទិញអង្ករចំនួន ៤៧២,២៧៩តោនពីការប្រមូលផលក្នុងស្រុក គិតត្រឹមថ្ងៃទី៨ ខែឧសភា ខណៈដែលស្តុកមានចំនួន ១.៨លានតោន នេះបើតាមមន្ត្រីក្រុមហ៊ុនបានប្រាប់កិច្ចប្រជុំអតិផរណាប្រចាំសប្តាហ៍។
មន្ត្រីការិយាល័យស្ថិតិបានប្រាប់កិច្ចប្រជុំអតិផរណាថា តម្លៃអង្ករបានធូរស្រាល ដោយសារស្តុកមានការកើនឡើងក្នុងរដូវប្រមូលផល។
ក្រុមហ៊ុន Bulog ក៏បានបញ្ជាក់កាលពីចុងខែមុនដែរថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន ១.២លានតោនក្នុងឆ្នាំនេះ ហើយពាណិជ្ជករអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា Bulog បានចេញការដេញថ្លៃអន្តរជាតិមួយផ្សេងទៀត ដើម្បីទិញអង្ករប្រហែល ៣០០,០០០តោន ដើម្បីទប់ទល់នឹងតម្រូវការ និងការឡើងថ្លៃអង្ករក្នុងស្រុក៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា