ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ស្ថាបត្យករកម្ពុជាត្រូវមានភាពជឿជាក់ ក្នុងការបង្ហាញគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឱ្យកាន់តែរីកលូតលាស់
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំ និងជំរុញដល់ស្ថាបត្យករកម្ពុជាត្រូវមានភាពជឿជាក់ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឱ្យកាន់តែរីកលូតលាស់ឈានឆ្ពោះទៅមុខបន្ថែមទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងបែបនេះក្នុងពិធីចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ដង្ហើមទីក្រុង Breath of the City» ធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីក្តីរំភើប កោតសរសើរ និងអបអរសាទរចំពោះទេពកោសល្យស្នាដៃរបស់ស្ថាបត្យករកម្ពុជាដែលទទួលបានពានរង្វាន់នាពេលនេះ ចំពោះពេលវេលា និងកម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងក្នុងកម្មវិធីស្នាដៃស្ថាបត្យករកម្ពុជាឆ្នាំ ២០២៤ និងថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជាដែលជារឿយៗតែងតែបង្ហាញអំពីគំនិតច្នៃប្រឌិតដ៏គួរឱ្យភ្ញាក់ផ្អើល ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សង្គមកម្ពុជាកំពុងតែត្រេកអរ និងទទួលយកនូវគំនិតច្នៃប្រឌិតថ្មីៗប្លែកៗផ្នែកស្ថាបត្យកម្ម ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានការវិវឌ្ឍឈានឡើងទៅមុខ។ យើងចាប់ផ្ដើមដើរលើមាគ៌ារួម ទទួលយកភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់សហការីផ្នែកស្ថាបត្យកម្មរបស់យើង ហើយយើងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនដោយមិនត្រូវមានការរាថយឡើយ។ ទេពកោសល្យដែលយើងមើលឃើញនាថ្ងៃនេះ គឺជាមោទនភាពរបស់យើង ហើយវានឹងមានការលូតលាស់រីកចម្រើនបន្ថែមទៀតនាពេលខាងមុខ ។

គួរបញ្ជាក់ថា ការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” ឆ្នាំ២០២៤ លើវិញ្ញាសារការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ មានបេក្ខភាពចូលរួមជាង ៨០ក្រុម ដែលមានមកពីតាមសាកលវិទ្យាល័យ និងស្ថាប័នមួយចំនួន ដែលត្រូវប្រកួតប្រជែងរយៈពេលជាង ៤ខែ ហើយក្រុមជាប់ជ័យលាភីលេខ១ ទទួលបានពានមួយ បណ្ណសរសើរ និងថវិកា ៣ ៥០០ដុល្លារ រួមនឹងការលើកទឹកចិត្តមួយចំនួនទៀត ៕


ដោយ / គ្រី សម្បត្តិ