ក្រសួងបរិស្ថាន នឹងបញ្ចញប្រព័ន្ធអែប (APP) ថ្មី ដែលជាកម្មវិធីទូរស័ព្ទដៃ ដើម្បី ឱ្យពលរដ្ឋដាំដើមឈើ ហើយដាក់ឈ្មោះ និងតាមដានដើមឈើរបស់ខ្លួន
ភ្នំពេញ៖ តាមរយៈការបំផុសពលរដ្ឋឱ្យដាំដើមឈើ និងក៏ដូចជាដើម្បីលើកទឹកចិត្តដល់ពលរដ្ឋដែលស្រឡាញ់ការដាំដើឈើ និងក៏ដូចជាចូលរួមភាពបៃតង ក្នុងប្រទេសនោះក្រសួងបរិស្ថានគ្រោងនឹងបញ្ចេញប្រព័ន្ធអែប (APP)ថ្មីមួយទៀតដែល ជាកម្មវិធីទូរស័ព្ទដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំនៅថ្ងៃខាងមុខឆាប់ៗនេះ ។
បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤នាទីស្តីការក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ”ក្រសួងបរិស្ថាននឹងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធ អែបទូរស័ព្ទដៃ មួយទៀត។ សម្រាប់អែបនេះ គឺកាលណាបងប្អូនយើងដាំដើមឈើហើយគាត់ថតដើមឈើហ្នឹងទៅ រួចដាក់ឈ្មោះដើមឈើនោះខ្លួនឯង ។ ក្នុងនេះបើកាលណាដាក់ឈ្មោះខ្មែរចេញជាភាសាអង់គ្លេស និងបើដាក់ឈ្មោះអង់គ្លេសចេញជាខ្មែរ ។ដើមឈើនោះនឹងក្លាយជារបស់ពុកម៉ែ ពូមីងបងប្អូនហើយ ។ ដើមឈើនឹងនៅជាប់ក្នុងអែបតែម្តង ។
ឆ្នាំក្រោយយើងអាចឆែកមើលដើមឈើហ្នឹងធំប៉ុនណា! ឆ្នាំក្រោយទៀតឆែកមើលឃើញដើមឈើហ្នឹងប៉ុនណាទៀតហើយជាដើម ។ ដើមឈើធំប៉ុនណាវានឹងនៅក្នុងទូរស័ព្ទហ្នឹងរហូតហើយ ។ ពិសេសក្នុងទូរស័ព្ទហ្នឹងយើងក៏អាចជជែកពិភាក្សាគ្នាបានថាដើមឈើហ្នឹងត្រូវថែរក្សារបៀបម៉ិចក្នុងនេះដូចជាដើមឈើអ្នកធំលឿនម្ល៉េះ និងដើមឈើអ្នកតូចម្ល៉េះយើងអាចពិភាក្សាគ្នាដើម្បីដោះស្រាយក្នុងហ្នឹងបានទាំងអស់” ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដោយបញ្ជាក់បន្ថែមថា ៖ ”អែបហ្នឹងខ្ញុំសង្ឃឹមថា នៅចុងខែនេះនឹងធ្វើរួចហើយ ។ តាមពិតធ្វើរួចហើយ ប៉ុន្តែស្ថិតនៅក្នុងការធ្វើតេសសាកល្បងនៅឡើយ”។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងដោយពន្យល់បន្ថែមថា ”ពាក្យថាអែបហ្នឹងជាហ្វេសប៊ុករបស់កម្ពុជាយើងដែលដាក់ឱ្យប្រើប្រាស់ដាំដើមឈើនៅកម្ពុជាសម្រាប់ជំរុញការទាក់ទាញ ការចូលចិត្ត ការស្រឡាញ់ពេញចិត្តដើមឈើនៅកម្ពុជាយើងតែម្តង” ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីមភារ៉ា
(FB-TT)