ឯកឧត្ដមអភិសន្តិបណ្ឌិត និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដ ម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ចូសេហ្វ សូយ័រ និងបាន ថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិដែលនៅតែបន្តផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទីភ្នាក់ងារUN បានរួមដំណែកក្នុងដំណើរការស្ដារប្រទេសកម្ពុជាក្រោយសង្គ្រាម រួមទាំងការពង្រឹងសមត្ថភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកល នៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជាដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជម្រាបជូន លោក ចូសេហ្វ សូយ័រ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រជាជាតិក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពមួយចំនួន រួមមាន អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ សុវត្ថិភាពផ្លូវថ្នល់ ការប្រឆាំងហិង្សាផ្នែកយេនឌ័រ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង កិច្ចការពារសង្គម ជាអាទិ៍។

ជាការឆ្លើយតប លោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានសម្ដែងការអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការជាមួយ អង្គការសហប្រជាជាតិនាពេលកន្លងមកនេះ។

សម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ក៏បានគូសបញ្ជាក់ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាអង្គការសហប្រជាជាតិ ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ស្របតាមគោលដៅដែលបានគ្រោងទុក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner