សម្ដេចតេជោ ហ៊ុន សែន៖ នៅពេលខ្មែរក្រហមខ្លាំង គ្មានអ្នកណាអើតក្បាលឈប់ ទទួលស្គាល់ឡើយ

(ភ្នំពេញ)៖ នៅពេលខ្មែរក្រហមខ្លាំង គ្មានអ្នកណាអើតក្បាល ឈប់ទទួលស្គាល់ឡើយ មានតែបោះឆ្នោតផ្ដល់អាសនៈ នៅអង្គការសហប្រជាជាតិ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងពិធីបិទសន្និសីទ លើកទី១ ស្ដីពី អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងបែបចំអក ទៅកាន់បរទេសថា នៅពេលរបបខ្មែរ ក្រហម ខ្លាំង គ្មានបរទេសណាម្នាក់ ចេញមកមុខឈប់ទទួលស្គាល់របបនេះ នៅក្នុងអង្គការសហប្រជាជាតិនោះទេ លុះរបបខ្មែរក្រហមខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ ។

សម្ដេចតេជោ ក៏បានប្រៀបឥរិយាបថបរទេស ទៅនឹងពាក្យស្លោករបស់ខ្មែរថា ក្របីស៊ីស្រូវ បងមិនសូវហ៊ានដេញ ក្របីដើរចេញ បងដេញឲ្យស្រីមើល និងពាក្យ ក្រពើក្នុងទឹក បងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់ បងចាប់ឲ្យស្រីមើល ។

សម្ដេច ថា បើទោះបីអតីតកាលកន្លងផុតទៅ ប៉ុន្ដែបានបន្សល់ នូវរឿងរ៉ាវឈឺចាប់ និងបទពិសោធន៍សម្រាប់ប្រជាជ នកម្ពុជា ដែលត្រង់ចំណុចនេះ សម្ដេចតេជោ គ្រាន់តែចង់ឲ្យបរទេសខ្លះ ភ្ញាក់ខ្លួន ចំពោះកំហុសឆ្គងរបស់ខ្លួនមកលើកម្ពុជា កាលពីអតីតកាល ពោល នៅពេលដែលពួកគេ គាំទ្រអាសនៈរបស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ ហើយបង្ហាញពីការខ្វះភាពយុត្តិធម៌ និងសុគតភាព នៅពេលនោះ ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កំហុសឆ្គងនេះ គ្រាន់តែចង់ឱ្យបរទេសមួយចំនួនដឹងខ្លួនប៉ុណ្ណោះ ហើយសម្ដេច មិនទាមទារឱ្យបរទេសនោះ ប្រកាសពីការដឹងកំហុសរបស់ខ្លួននោះទេ។

សម្ដេចចាត់ទុកថា ពិសោធន៍នៃកំហុសដ៏ធ្ងន់មួយនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ ពោល ជារឿងដែលពាក់ព័ន្ធប្រទេសជាច្រើនទៀត ដែលជាអ្នករៀបចំ គោលនយោបាយដំណាក់កាលនោះ ។

សម្ដេចប្រធានព្រឹទ្ធសភា បានទាញការចាប់អារម្មណ៍ រឿងរ៉ាវមួយទៀត ដែលបានកើតឡើងកាលពីពេលនោះ នៅអង្គការសហប្រជាជាតិ ដោយនៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពី ព្រះប្រមុខរដ្ឋ នៅឆ្នាំ១៩៧០ ភាពជាតំណាង ត្រូវបានប្រគល់ឱ្យ លន់ នល់ ។ លុះក្រោយមក នៅពេលក្រុម លន់ នល់ ចុះខ្សោយទៅៗ គ្រប់គ្រងទឹកដីមិនដល់ ១០ភាគរយផងនោះ អាសនៈនៅអង្គការសហប្រជាជាតិ នៅតែរក្សាទុកសម្រាប់ពួក លន់ នល់ ដដែល ក្រោមហេតុផលថា លន់ នល់ កាន់កាប់រដ្ឋធានី ទាំងដែលទឹកដីប្រមាណ ៩០ភាគរយទៀត ត្រូវគ្រប់គ្រងដោយភាគីរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេច ថា ហេតុផលនៃការសម្រេចបែបនេះ គ្រាន់តែតម្រូវតាមអ្វី ដែលគេចង់បានប៉ុណ្ណោះ ពោលមិនភាពយុត្តិធម៌ឡើយ ។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្តេច ក៏បានមានប្រសាសន៍ពីប្រវត្តិសាស្ត្រកម្ពុជា ដោយថតទុករយៈពេល ៤៨ម៉ោងរួចហើយ តែ ១០ឆ្នាំក្រោយ ទើបអនុញ្ញាតឱ្យផ្សព្វផ្សាយ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner