ឡាវដាក់ចេញវិធានការប្រឆាំងនឹងការជក់បារីទូទាំងប្រទេស

វៀងចន្ទន៍៖ ក្រសួងសុខាភិបាលឡាវបានកំណត់ថា ៧៥ភាគរយនៃកញ្ចប់បារីទាំងអស់ ត្រូវតែមានរូបភាពព្រមានពីហានិភ័យសុខភាពនៅត្រឹមខែធ្នូ ឆ្នាំ២០២៤។ គំនិតផ្តួចផ្តើមនេះមានគោលបំណងទប់ស្កាត់ការជក់បារី និងបង្ហាញពីហានិភ័យសុខភាព ជាពិសេសក្នុងចំណោមយុវជនឡាវ។

រដ្ឋមន្ត្រីសុខាភិបាលឡាវ លោក Bounfeng Phoummalaysith បានសង្កត់ធ្ងន់លើផលប៉ះពាល់ធ្ងន់ធ្ងរនៃការជក់បារី និងការស្រូបផ្សែងបារីមកលើសុខភាពសាធារណៈជនទូទៅ។ លោកបន្តថា ការជក់បារី និងការស្រូបផ្សែងបារីដោយប្រយោល គឺជាមូលហេតុចម្បងបង្កជំងឺធ្ងន់ធ្ងរ ពិការភាព និងការស្លាប់មុនអាយុនៅក្នុងសង្គមប្រទេសឡាវ។

លោកបន្ថែមថា មនុស្សប្រហែល ១៨នាក់បានស្លាប់ក្នុងមួយថ្ងៃៗដោយសារជំងឺទាក់ទងនឹងការជក់បារី ដែលអ្នកស្លាប់មានចំនួនសរុប ៦,៧០០នាក់ក្នុងមួយឆ្នាំ ស្មើនឹង ១៥ភាគរយនៃករណីស្លាប់ទាំងអស់ទូទាំងប្រទេស។ បើតាមលោក Bounfeng ការចំណាយលើការព្យាបាលប្រចាំឆ្នាំមានចំនួន ២.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវ។

រដ្ឋមន្ត្រីសុខាភិបាលឡាវរូបនេះ បានសង្កត់ធ្ងន់ថា ការស្លាប់ទាំងនេះអាចបង្ការបាន ប្រសិនបើវិធានការគ្រប់គ្រងថ្នាំជក់មានប្រសិទ្ធភាព។ ហើយដើម្បីជំរុញវិធានការទាំងនេះ រដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបង្កើនពន្ធបារី, ការហាមឃាត់គ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្មថ្នាំជក់ និងការបង្កើតតំបន់គ្មានផ្សែងនៅក្នុងការិយាល័យ និងទីសាធារណៈជាដើម។

បន្ថែមលើនេះ សាធារណជនទូទៅត្រូវតែទទួលបាននូវការអប់រំបន្ថែម អំពីគ្រោះថ្នាក់នៃការជក់បារី និងស្រូបផ្សែងបារី។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍ឆ្នាំ២០២២ថា ជំងឺដែលទាក់ទងនឹងថ្នាំជក់ធ្វើឱ្យឡាវខាតបង់សេដ្ឋកិច្ចចំនួន ១៧៣លានដុល្លារក្នុងមួយឆ្នាំ៕

ប្រភព៖ Laotian Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner