ករណីកាប់ទន្រ្ទានដីរដ្ឋដោយខុសច្បាប់បន្តឃាត់ខ្លួនមេខ្លោងបួននាក់បន្ថែម
ស្ទឹងត្រែង៖មេខ្លោងចំនួនបួននាក់ត្រូវបានឃាត់ខ្លួន ព្រោះពាក់ព័ន្ធនឹងការបំផុសឱ្យប្រជាពលរដ្ឋឱ្យចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅចំណុចភូមិសាស្រ្តក្រឡាពុះ នៃស្រុកសេសាន ។ការឃាត់ខ្លួនបានធ្វើឡើងក្នុងប្រតិបត្តិការពិសេសដែលដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ក្រុមការងារអន្តរាគមន៍ពិសេសរបស់ខុទ្ទកាល័យសម្ដេចធិបតីនិងកម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្ទឹងត្រែង។
ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២២ ខែឧសភានៅឯសាលាខេត្តស្ទឹងត្រែងឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា គ្មានការលើកលែងនោះទេសម្រាប់ជនណាដែលជាមេខ្លោងក្នុងការបំផុសបំផុលឱ្យមានការចូលទៅទន្ទ្រានដីព្រៃរបស់រដ្ឋ និងមិនអនុញ្ញាតឱ្យមានវប្បធម៌អន្តរាគមន៍ដែរ។
បើតាមការបង្ហាញនៅក្នុងសន្និសីទកាសែតជនដែលត្រូវបានឃាត់ខ្លួនបន្ថែមទៀត ក្នុងនោះមានឈ្មោះ លេះ សារី មកពីខេត្តកំពង់ចាម ជាមេខ្លោងក្នុងការរៀបចំកៀរគរ និងប្រមូលថវិកាពីប្រជាពលរដ្ឋផងដែរ ដើម្បីឱ្យចូលទៅទន្ទ្រានព្រៃនិងចាប់ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលកាលពីថ្ងៃទី២ ខែឧសភា កន្លងទៅបានបញ្ជាក់ថា ក្នុងប្រតិបត្តិការពី
ថ្ងៃទី៦ ដល់ថ្ងៃទី២៩ ខែមេសា មេខ្លោងនិងបក្ខពួកពាក់ព័ន្ធនឹងការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ចំនួន១០នាក់ត្រូវបានចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការជឿជាក់លើជនណា ដែលអះអាងថាមានការចែកដីធ្លីនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលពុំមាននៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឬក៏ពុំមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ និងអភិបាលស្រុក ។បើមានបងប្អូនណា ដែលមានការពាក់ព័ន្ធ នឹងមេខ្លោងខាងលើនេះ សុំឱ្យបញ្ឈប់ជាបន្ទាន់ និងអនុញ្ញាតឱ្យដាក់ពាក្យបណ្តឹងមកក្រុមការងាររបស់ឯកឧត្តមបាន ដើម្បីទាមទារនូវការខាតបង់ ដោយក្រុមការងារនៅរង់ចាំទទួលដោះស្រាយជូនគ្រប់ពេលវេលា ៕
ដោយ៖ដេង ម៉ាវិន