លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា គណៈកម្មាធិការអាហារូបករណ៍សិស្ស និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធ របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន ធនាគារ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំជូនដល់ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួលបានការអប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយហេតុថា មូលធនមនុស្សដែលមានគុណភាព និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងជវភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយ បរិយាបន្ន និងភាពធន់ ។
ក្នុងបរិបទនេះ គណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ទន្ទឹមនឹងនេះ ការចូលរួមរបស់គ្រឹះស្ថានសិក្សា ក៏ដូចជា អង្គការសមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជនទាំងអស់ ពិតជាបានជួយពង្រីកនូវវិសាលភាព និងលទ្ធភាពនៃការផ្តល់អាហារូបករណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវបណ្ឌិត បានអរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធាន ក្នុងការចូលរួមចំណែក និងបំពេញតួនាទីប្រកបដោយភាពប៉ិនប្រសប់ សស្រាក់សស្រះ និងភាពបុរេសកម្ម ដើម្បីបុព្វហេតុដ៏ថ្លៃថ្លាឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន ៕
ដោយ ៖ វណ្ណលុក