ឯកឧត្តម សុខ ថុល ៖ ការប្រកួតវាយសីមិត្តភាព និងសប្បុរសធម៌គោលដៅបំផុសដល់យុវជន និងប្រជាពលរដ្ឋនៅខេត្តសៀមរាប ចូលរួមលេងកីឡា

អត្ថបទដោយ៖
ជាវ ចន្ធូ

(សៀមរាប)៖ ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប បានថ្លែងលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌ រៀបចំដោយ រដ្ឋបាលខេត្តសៀមរាប សហការដោយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបង្កើតឡើងក្នុងគោលបំណងបំផុសចលនាឱ្យយុវជនយុវនារី ពិសេស ប្រជាពលរដ្ឋខេត្តសៀមរាប ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ដ្បិតកីឡាជាវិញ្ញាសាមួយដែលផ្តល់អត្ថប្រយោជន៍យ៉ាងល្អប្រសើរដល់សុខភាពមិត្តភាព សាមគ្គីភាព និងភាតរភាព ។

ការថ្លែងលើកឡើងពីសំណាក់ឯកឧត្តមសុខ ថុល អភិបាលរងខេត្តសៀមរាប បានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៍ នាព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៤ នៅក្លឹបកីឡាវាយសី ខេត្តសៀមរាប ។

ឯកឧត្តម សុខ ថុល បានគូសបញ្ជាក់ទៀតថា កីឡាវាយសីដែលត្រូវបានយកមកធ្វើការប្រកួតប្រជែងនាពេលនេះ បានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងដល់អ្នកលេងដូចជា ៖ ទី១.ពង្រឹងកាយសម្បទារឹងមាំរហ័សរហួនវាងវៃ ទី២. ជួយឱ្យយើងអាចវិវឌ្ឍទៅលេងកីឡាផ្សេងៗបានយ៉ាងល្អ ទី៣. ជួយដល់សុខភាពផ្លូវចិត្ត ទី៤៖ជួយដល់សុខល្អគ្រប់ផ្នែកទាំងអស់ ។

ឯកឧត្តម អភិបាលរង បានលើកឡើងទៀតថា ព្រឹត្តិការណ៍វាយសីនេះ ក៏ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យមកទស្សនានៅក្នុងខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ក្រោមការដឹកនាំសម្តេចបវមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។

យោងតាមរបាយការណ៍របស់លោក ឡុក រតនៈ តំណាង សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានឱ្យដឹងថា ការប្រកួតវាយសីមិត្តភាព និងសប្បុរសធម៍ រៀបចំឡើងរយៈពេល ១ថ្ងៃមានកីឡាករសរុប ៤៨រូប ក្នុងនោះក៏មានមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញចូលរួមផងដែរ ។ ថវិកាដែលទទួលបានពីការឧបត្ថម្ភគាំទ្រ និងការចូលរួមរបស់កីឡាករទាំងអស់ គឺត្រូវមកចំណាយសម្រាប់ការរៀបចំការប្រកួត និងថិការដែលសល់ពីការចំណាយនិងយកទៅជូនមណ្ឌលកុមារកំព្រាទាំងអស់ ។ សម្រាប់ព្រឹត្តិការណ៍ប្រកួតនេះ ក៏មានការចូលរួមគាំទ្រពី 100Plus ជាភេសជ្ជៈបំពេញជាតិទឹកលេខ១ពីប្រទេសសង្ហបុរី និងម៉ាឡេស៊ីផងដែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner