ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤៖ ជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥៥៩អាសនៈ និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៦៤១អាសនៈ

ភ្នំពេញ៖ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ។ ក្នុងនោះការបោះឆ្នោត គឺជ្រើសរើសតំណាងដែលជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥៥៩អាសនៈ ហើយនឹងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៦៤១អាសនៈ។ ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែងមានដូចជា ៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សហ៊្វុនស៊ិនប៉ិច។

គួររម្លឹកឱ្យដឹងថា ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា អង្គបោះឆ្នោតមានចំនួន ១១៦២២នាក់ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង មកពី ១៦៥២ឃុំសង្កាត់។ គ.ជ.ប ចាត់ចែងជា ២០៩ការិយាល័យ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ចំនួន ៥៥៩អាសនៈ និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ចំនួន ៣៦៤១អាសនៈ។
អ្នកនាំពាក្យបន្តថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើលរបស់ភ្នាក់គណបក្សនយោបាយចំនួន ១២០០នាក់ , ឃ្លាំងមើលពីអ្នកសង្កេតការណ៍ជាតិចំនួន ១៥៤០នាក់ និងមានការឃ្លាំមើលដោយភ្ញៀវពិសេស និងអ្នកសង្កេតការអន្តរជាតិ ចំនួន ១១នាក់ ហើយប្រព័ន្ធផ្សព្វផ្សាយក៏បានចូលរួមដែរ។

សូមជម្រាបថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ អ្នកបោះឆ្នោតគឺជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង។ សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតតែមួយ។ មណ្ឌលបោះឆ្នោតត្រូវបានរៀបចំតាមរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ ការិយាល័យ ហើយដើម្បីបោះឆ្នោតបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ នៅក្នុងមុខតំណែងត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬប័ណ្ណសម្គាល់ខ្លួនជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កន្លងមកដែល គ.ជ.ប បានរៀបចំ ៖
 អាណត្តិទី១ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩
 ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១
 អាណត្តិទី២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤
 អាណត្តិទី៣ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
 ក្រុមប្រឹក្សាក្រុងបូកគោ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
 ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ៕
ដោយ៖ពលជ័យ
រូបភាព៖សិលា សារិន

ads banner