ស្លាប់ទារក ៦នាក់ អំឡុងអគ្គិភ័យឆេះមន្ទីរពេទ្យ ឥណ្ឌា

ញូវ ដេល្លី ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអាទិត្យថា ទារកទើបតែបានកើត ចំនួន ៦នាក់បានស្លាប់ បន្ទាប់ពីគ្រោះអគ្គីភ័យបានឆាបឆេះ នៅឯមន្ទីរពេទ្យកុមារមួយកន្លែង ស្ថិតក្នុងទីក្រុង ញូវ ដេល្លី នៃប្រទេសឥណ្ឌា។

ក្រសួងសុខាភិបាលនិយាយថា ទារកចំនួន១២នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ក្រោយមក ទារកចំនួន ៦នាក់បានស្លាប់ ដោយសារតែការថប់ដង្ហើម។ ក្រសួងបានអះអាងថា មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែ បានគូសបញ្ជាក់ថា អ្នកណាក៏ដោយ ឲ្យតែរកឃើញថា មានកំហុស លើការធ្វេសប្រហែស នាំឲ្យកើតមានរឿងនេះ នឹងមិនរួចខ្លួន នោះឡើយ។

នៅក្នុងការបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាត់ទុកគ្រោះអគ្គិភ័យ និងការស្លាប់ទារកថា ជាទុក្ខសោក ដ៏ធំធេង។ លោក Modi ក៏បានចូលរួមរំលែកទុក្ខ ដល់អ្នកដែលបានបាត់បង់ទារក ជាទីស្រលាញ់ ផងដែរ។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យបានកើតមាន ជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែការសាងសង់សំណង់ មិនបានល្អ, ភាពចង្អៀតណែន និងកង្វះការគោរពច្បាប់សុវត្ថិភាព ជាដើម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner