មន្ត្រីរាជរដ្ឋាភិបាល៖ វិទ្យាស្ថានខេមអេដ បានបង្កើតអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនករជំនាញជាច្រើន ដែលនឹងអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានបង្កើតនូវអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនករជំនាញជាច្រើន ដែលនឹងអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីនៅពេលព្រឹក និងពេលល្ងាច នៃពិធីចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានខេមអេដ ចំនួន ៤២០នាក់ (ស្រីចំនួន២៨៦នាក់) ដែលបានប្រលងបញ្ចប់ការសិក្សាលើថ្នាក់បរិញ្ញាបត្រ BA+CAT កម្មវិធីសិក្សា ACCA និង កម្មវិធីសិក្សា CAT សម្រាប់ ឆ្នាំ២០២៣ កន្លងទៅនេះ ។ កម្មវិធីចែកសញ្ញាបត្រនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានខេមអេដ លោកនាយកវិទ្យាស្ថានខេមអេដ អ្នកតំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា សាស្រ្តាចារ្យ និយោជក បុគ្គលិកវិទ្យាស្ថាននិស្សិត និងអាណាព្យបាលផងដែរ ។

លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដបាន បានបង្ហាញក្ដីរីករាយដែលឃើញប្រទេសកម្ពុជាឥឡូវនេះ មានអ្នកដឹកនាំដែលមានទេពកោសល្យ មានការយកចិត្តទុកដាក់ និងមានការគិតគូរ និងភាពក្លាហានក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ លោកក៏បានលើកឡើងនូវចំណុចបីសំខាន់ សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាដូចជា៖ ទី១៖ អ្នកជាអ្នកការពារការវិនិយោគរបស់ប្រជាជនកម្ពុជាទាំងអស់ ហើយជាមួយ ជំនាញបច្ចេកទេស ជំនាញសវនកម្ម ជំនាញគណនេយ្យ ជំនាញក្រមសីលធម៌របស់អ្នក នឹងជួយធ្វើឱ្យប្រាកដថា យើងមានប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដែលអាចជឿទុកចិត្តបាន។ ទី២៖ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើអ្នកក្នុងការផ្តល់ពត៌មាន និងជួយធ្វើការសម្រេចចិត្តក្នុងអាជីវកម្មដែលនឹងជួយឱ្យអាជីវកម្មទទួលបានផលចំណេញ និងបង្កើនការងារ ដើម្បីពង្រីកអាជីវកម្ម និងធ្វើឱ្យអាជីវកម្មនៅ កម្ពុជាមានប្រសិទ្ធភាព និងផលិតភាព។ ទី៣៖ សេដ្ឋកិច្ចពឹងផ្អែកលើអ្នកក្នុងការជួយធានាឱ្យមានការអនុលោមតាមច្បាប់ បទប្បញ្ញត្តិពន្ធដារនៅកម្ពុជា ហើយក៏ចូលរួមផងដែរដើម្បីជួយធ្វើឱ្យប្រាកដថា ច្បាប់ បទប្បញ្ញត្តិ និងការអនុវត្តទាំងនោះ មានភាពយុត្តិធម៌ និងតម្លាភាព ។

លោកបានបន្តថា វិទ្យាស្ថាន បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍជំនាញរបស់អ្នក និងបានប្រមូលផ្តុំនូវសាស្រ្តាចារ្យ និងអ្នកជំនាញដែលមានទេពកោសល្យបំផុតមកពីជុំវិញពិភពលោក ដូចជាមកពី សហរដ្ឋអាមេរិក ឥណ្ឌា បង់ក្លាដែស ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរីជាដើម ។ វិទ្យាស្ថាន ក៏ដូចជាសាស្រ្តាចារ្យ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ មានគោលបំណងដូចរូបលោកដែរ គឺដើម្បីជួយអ្នកក្នុងការអភិវឌ្ឍជំនាញ ទំនុកចិត្ត និងអាកប្បកិរិយា ដែលនឹងជួយអ្នកឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់អ្នក ។ លោកក៏បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តការសិក្សា និងការស្រាវជ្រាវបន្តបន្ទាប់ ជាពិសេសនៅក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនេះ ដែលយើងតែងតែមានស្តង់ដារគណនេយ្យថ្មី បទប្បញ្ញត្តិពន្ធថ្មី និងស្តង់ដារសវនកម្មថ្មី ដែលត្រូវបានណែនាំ និងសិក្សាស្វែងយល់ ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា មានប្រសាសន៍កោតសរសើរប្អូនៗ ដែលរៀនជំនាញគណនេយ្យបានដល់ចប់ ក្នុងវ័យដែលត្រូវមានសេរីភាព បែរជាត្រូវមករៀនជំនាញមួយដែលមានក្បួនខ្មាត និងបទដ្ឋានបំផុត វ័យដែលត្រូវសប្បាយបែរជាត្រូវទន្ទេញនូវរូបមន្តចងចាំលក្ខខណ្ឌគ្រប់បែបយ៉ាង ។ ឯកឧត្តម បានកោតសរសើរទៅលើកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានខេមអេដ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមចក្ខុវិស័យ និងបេសកម្មផ្ទាល់របស់វិទ្យាស្ថាន។ ឯកឧត្តមជឿជាក់ថា និស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដ ពិតជាទទួលបានចំណេះដឹង និងវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធន៍ជាក់ស្ដែង ដែលញាងឲ្យពួកគេមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារ ។

ឯកឧត្តមបណ្ឌិត ងី តាយី បានមានប្រសាសន៍ដែរថា វិទ្យាស្ថានខេមអេដ មានការទទួលស្គាល់លើ គុណភាពអប់រំទាំងក្នុងស្រុក និងជាអន្តរជាតិ ហើយបច្ចុប្បន្ន វិទ្យាស្ថាន មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយវិទ្យាស្ថាន បានបង្កើតនូវអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនករជំនាញជាច្រើន ហើយក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន សាស្រ្តាចារ្យ និងបុគ្គលិកគាំទ្រទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ដែលការចូលរួមទាំងអស់នេះ ក៏ជាចំណែកមួយ នៃភាពជោគជ័យរបស់និស្សិត នៅថ្ងៃនេះផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner