រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin ធ្វើទស្សនកិច្ចនៅកម្ពុជាថ្ងៃទី៤មិថុនា (Video Inside)
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin គ្រោងនឹងបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៤មិថុនាខាងមុខនេះ។ មន្ត្រីស្ថានទូតអាមេរិកបាននិយាយថា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះ នឹងពិភាក្សាអំពីបញ្ហាសន្តិសុខ និងបញ្ហាការពារជាតិជាមួយមេដឹកនាំថ្មី នៃប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោក Lloyd Austin មកកាន់ប្រទេសកម្ពុជា គឺនៅបន្ទាប់ពីលោកនឹងចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ក្នុងវេទិកាតំបន់មួយនៅក្នុងប្រទេសសឹង្ហបុរី។
ដំណើររបស់លោក Lloyd Austin គឺបន្ទាប់ពីសមយុទ្ធនាគមាសលើកទី៦ រវាងកងកម្លាំងកម្ពុជា និងកងកម្លាំងប្រដាប់អាវុធរំដោះប្រជាជនចិន បញ្ចប់រយៈពេល១៥ថ្ងៃនៅលើទឹកដីកម្ពុជា។
ក្រសួងការពារជាតិអាមេរិកមិនបានរៀបរាប់លំអិតនូវដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន ទៅកាន់ប្រទេសកម្ពុជាឡើយ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ខណៈសេចក្តីរាយការណ៍របស់កាសែត The Financial Times បាននិយាយថា លោក ឡយ អូស្ទីន នឹងជួបជាមួយនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។