សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាគមសិល្បករខ្មែរ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីយើង និងសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគម ១០ម៉ឺនដុល្លារអាមេរិកក្នុង ១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឱ្យសមាគមសិល្បករខ្មែរ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីយើង និងសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគម ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានណែនាំ និងសម្រេចជួយឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។
សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដែលបានជួយជ្រោមជ្រែងរៀបចំរចនាសម្ព័ន្ធសមាគម ។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួប សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ដែលជាសារវិជ្ជមានមួយសម្រាប់សមាគម។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានធ្វើរបាយការណ៍ជូនសម្តេចតេជោ អំពីសាវតាសង្ខេបរបស់សមាគម ដោយបានរំលឹកពីការគាំទ្រ និងជំនួយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាគម និង អំពីសកម្មភាពការងារសំខាន់ៗក្រោយការបោះឆ្នោតជ្រើរើសប្រធានសមាគម អាណត្តិទី៦ ដូចជាការរៀបចំក្រុមប្រឹក្សាភិបាល និង គណកម្មការប្រតិបត្តិសមាគម និង ការរត្រៀមរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ ព្រមទាំងការរៀបចំមូលដ្ឋានរដ្ឋបាល កែសម្រួលលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង ការរៀបចំផែនការជាទស្សនវិស័យ និង ចក្ខុវិស័យនៃសមាគម ដើម្បីឧត្តមភាពនៃ សិល្បៈខ្មែរ ទាំងនៅលើឆាកជាតិ និង ឆាកអន្តរជាតិ។
អ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា កិច្ចការនេះនឹងអនុញ្ញាតឱ្យសមាគមអាចសម្រេចគោលដៅដែលបានកំណត់ ដូចជា៖ (១) កិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និង លើកស្ទួយសិល្បៈ និង វប្បធម៌ជាតិ (២) ការពារសិទ្ធិ និង ផលប្រយោជន៍របស់សមាជិក (៣) ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្បៈ និង កិច្ចការសង្គម (៤) ប្រមូលកម្លាំងធនធានសិល្បករ ដើម្បីបម្រើសកម្មភាពសិល្បៈ និងកិច្ចការសង្គម និង (៥) រួមចំណែកលើកកម្ពស់សីលធម៌សង្គម និង ក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ។

រីឯ ផែនការដំណោះស្រាយ មានដូចជា សមាគមសិល្បករខ្មែរ នឹងបង្កើតគណៈកម្មការវាយតម្លៃគុណវុឌ្ឍិសិល្បករ ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខណសម្បត្តិ សិល្បករ ដោយលើកទឹកចិត្តឱ្យសិល្បករទាំងអស់រួមគ្នាបង្កើតស្នាដៃច្នៃប្រឌិត បញ្ចូលនូវបច្ចេកវិទ្យាទំនើប និងបង្កើតនូវភាពទាក់ទាញ ការពេញនិយមក្នុងសង្គមតែត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាខ្មែរ ។ល។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពស្នើសុំ សម្តេចតេជោ ផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដល់សមាគមសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានកោតសរសើរចំពោះការរៀបចំសមាគម ចាប់ពីការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ សម្តេច បានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែ ការធានានិរន្តរភាព ជាការលំបាក។ សម្តេច ជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ សមាគមអាចជៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និង ការពង្រឹងសីលធម៌របស់សិល្បករ សិល្បការិនី។
សម្តេចបានលើកឡើងថា ចាប់ផ្តើមអាណត្តិថ្មី សិល្បករជាច្រើន បានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និងមានលទ្ធភាពអាចជួយគេ តែចំណុចនេះ មិនគួរគិតថា សមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។

សម្តេចបានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជាជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយនៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។ សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយ រួមទាំងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ ។
សម្តេចតេជោ បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែង ថា “បើឈរមិនទាន់រឹង កុំរត់”។ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និង ត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺ កុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ ។ នេះហើយជា ការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។

ជាការទ្រទ្រង់ដល់សមាគម សម្តេចតេជោ បាន អំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវែបសាយ Youtube TikTok …។ល។ សម្តេចតេជោ បានសម្រេចជួយឧបត្ថម្ភទ្រទ្រង់ សមាគមសិល្បករខ្មែរ ចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ។ សម្ដេចប្រធានព្រឹទ្ធសភា បានជូនពរអ្នកឧកញ៉ា ម៉ៅ ចំណាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគម ឱ្យមានសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត ៕


អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ