ឯកឧត្តម អ៊ុច បូររិទ្ធ៖ អស់រយៈពេល៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងកសាងសង្គម

ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អស់រយៈពេល៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងកសាងសង្គមក៏ដូចជាតំណាងឱ្យផលប្រយោជន៍នៃអង្គបោះឆ្នោត និងសង្គមទាំងមូល។ ការបញ្ជាក់នេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា ជូនសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំសិក្ខាសាលានេះ ដោយមានការចូលរួមធ្វើបទបង្ហាញលើប្រធានបទនីមួយៗ ពីសំណាក់វាគ្មិនប្រកបដោយបទពិសោធន៍ក្នុងការងារព្រឹទ្ធសភា ស្របតាមតម្រូវការជាក់ស្តែងជាមួយនឹងអាទិភាព និងចក្ខុវិស័យថ្មីរបស់ព្រឹទ្ធសភា។ សិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវឱកាសដ៏មានតម្លៃសម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ ទាំងចាស់ទាំងថ្មី ស្វែងយល់ពីទិដ្ឋភាពចម្រុះនៃតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមក សហការនិងចែករំលែកការអនុវត្តល្អៗ សំដៅពង្រឹងប្រសិទ្ធភាព និងឥទ្ធិពលនៃស្ថាប័ននីតិបញ្ញត្តិរបស់ជាតិយើងនេះ។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ថា អស់រយៈពេល៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងកសាងសង្គមក៏ដូចជាតំណាងឱ្យផលប្រយោជន៍នៃអង្គបោះឆ្នោត និងសង្គមទាំងមូល។ ក្រៅពីមុខងារស្នូលទាំង៣របស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានរំលឹកអំពីការងារអាទិភាពចម្បងចំនួន២ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់ក្នុងព្រឹទ្ធសភានីតិកាលទី៥ គឺ៖
ទី១-ការលើកកម្ពស់ការទូតសភា៖ ដែលការងារដ៏មានសារៈសំខាន់នេះ នឹងចូលរួមចំណែកជាមួយរដ្ឋសភា និង រាជរដ្ឋាភិបាល សំដៅពង្រឹងសង្គតិភាពនៃគោលនយោបាយការបរទេស និងវិស័យការទូតរបស់កម្ពុជា និងពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាមួយស្ថាប័ន នីតិបញ្ញត្តិរបស់បណ្តាប្រទេសជាមិត្តនានា នៅក្នុងពិភពលោក។
ទី២-ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និតជាមួយអង្គបោះឆ្នោត៖ សមាជិកព្រឹទ្ធសភាត្រូវបន្តធ្វើជាប្រចាំ ជាពិសេសជាមួយសមា ជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់នឹងប្រជាជន។

តាមរយៈសិក្ខាសាលាចំនួន២ព្រឹកនេះ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា មានជំនឿយ៉ាងមុតមាំថា នឹងផ្តល់នូវគុណតម្លៃបន្ថែមថ្វាយនិងជូនដល់សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា និងអ្នកចូលរួមទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយគុណភាពប្រសិទ្ធភាព ប្រសិទ្ធផល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចគោលដៅអាទិភាពដ៏ឧត្តុងឧត្តមរបស់ព្រឹទ្ធសភាដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដាក់ចេញ។

សិក្ខាសាលាផ្តល់ព័ត៌មានបឋមអំពីព្រឹទ្ធសភានេះ ប្រព្រឹត្តទៅរយៈពេល០២ព្រឹក ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយផ្តោតសំខាន់លើប្រធានបទស្តីពី៖
-បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
-មុខាងារទាំងបីរបស់ព្រឹទ្ធសភា
-តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការជំនាញទាំង១០ នៃព្រឹទ្ធសភា
-តួនាទី ភារកិច្ច និងសមត្ថកិច្ចក្រុមនានារបស់ព្រឹទ្ធសភា៖ ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ ក្រុមសមាជិកព្រឹទ្ធសភា(ក្រុមនយោបាយ ក្រុមពិភាក្សា) ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នអន្តរសភា(ក្រុមពហុភាគី) ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយសភាបណ្តាប្រទេស(ក្រុមទ្វេភាគី)
-លក្ខន្តិកៈសមាជិកព្រឹទ្ធសភា និងអភ័យឯកសិទ្ធិ និងផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា និងក្រមសីលធម៌របស់សមាជិកព្រឹទ្ធសភា
-តួនាទី ភារកិច្ច សមត្ថកិច្ច និងចក្ខុវិស័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner