អត្តពលកម្ម និងហែលទឹក ទទួលបានសិទ្ធិពិសេសចូលរួមកីឡាអូឡាំពិកនៅប្រទេសបារាំង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ញាន សុខវិសាល នាយបេសកម្ម ដឹកនាំប្រតិភូកីឡាកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំង បានថ្លែងឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង ប្រទេសកម្ពុជាពុំមានកីឡាករកីឡាការិនីជាប់ក្នុងវគ្គជម្រុះចូលរួមឡើយ ពោលគឺទទួលបានត្រឹមតែការផ្តល់សិទ្ធិពិសេស ដែលត្រូវផ្តល់ឱ្យគណៈកម្មាធិការជាតិអូឡាំពិកប្រទេសដែលមិនមានកីឡាករកីឡាការិនីជាប់ក្នុងជម្រុះ មានន័យថា កម្ពុជាត្រូវផ្តល់សិទ្ធិពិសេសចូលរួម លើ២ប្រភេទកីឡា គឺ អត្តពលកម្ម១រូប និងហែលទឹក ២រូប។

នាយបេសកម្មខាងលើ បានឱ្យដឹងទៀតថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពុំមានលទ្ធភាពជាប់ក្នុងវគ្គចូលក្នុងកីឡាអូឡាំពិកមាន៤ប្រទេសមានដូចជា កម្ពុជា ឡាវ ព្រុយណេ និងប្រទេសទីម័រ ខណៈថៃមានអ្នកជាប់វគ្គជម្រុះ ៣៨នាក់ ប្រទេសឥណ្តូនេស៊ី ២១នាក់ ប្រទេសម៉ាឡេស៊ី ១៨នាក់ សង្ហបុរី ១៧នាក់ ប្រទេសហ្វីលីនពីន ១២ ប្រទេសវៀតណាម ១០នាក់ និងប្រទេសមីយ៉ាន់ម៉ាមាន ១នាក់។

ឯកឧត្តមថា សម្រាប់ប្រទេសចំនួន៤ ដែលមិនមានអត្តពលិកជាប់ក្នុងវគ្គជម្រុះ ក្នុងនោះមានកម្ពុជាមួយដែរនោះ ត្រូវបានផ្តល់សិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសបាំងលើប្រភេទកីឡាដែលមានវិញ្ញសាច្រើន គឺហែលទឹក និងអត្តពលកម្ម។

នាយបេសកម្មរូបនេះ អះអាងទៀតថា ការចូលរួមសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ មិនរំពឹងទុកលើជ័យជំនះឡើយ ពោលគឺចូលរួមយកបទពិសោធន៍ នៃការប្រកួតកម្រិតពិភពលោក ហើយសម្រាប់ប្រតិភូ ដែលជាអ្នកដឹកនាំយើងទៅដកស្រង់មើលការរៀបចំព្រឹត្តិការណ៍ ដើម្បីយកគំរូមកត្រៀមអនុវត្តរៀបចំទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩។

សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលជាព្រឹត្តិការណ៍ធំរៀបចំរៀងរាល់៤ឆ្នាំម្តង នឹងរៀបចំនៅប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែមិថុនា ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ ក្នុងពិធីបើក និងពិធីបិទ តម្លៃសំបុត្រលក់ជូនសម្រាប់អ្នកចូលទស្សនា ក្នុងមួយសំបុត្រលក់ក្នុងតម្លៃជាង ២ពាន់ដុល្លារអាមេរិក ហើយ ក្នុងនោះ ក៏មានលក់សម្រាប់ប្រភេទកីឡាមានប្រជាប្រិយភាពមួយចំនួនទៀតផងដែរ ។

គួររំលឹកថា សម្រាប់កម្ពុជាមានតែ វិរៈកីឡាការិនី តេក្វាន់ដូ WT ស៊ន សៀវមី ម្នាក់ប៉ុណ្ណោះ ជាអត្តពលិកដំបូងរបស់កម្ពុជាដែលឈ្នះក្នុងវគ្គជម្រុះចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពីឆ្នាំ២០១៦ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner