មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានអំពាវនាវដល់អ្នកសារព័ត៌មានសូមចូលរួមផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន
កំពង់ឆ្នាំង៖មានកិច្ចប្រជុំពិភាក្សា ការចែករំលែកបទពិសោធន៍មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានបែបសន្តិភាពបានប្រារព្ធនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានខេត្តប្រមាណ១០០នាក់ចូលរួម។
ក្នុងឱកាសនេះឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលើកឡើងពីសមិទ្ធផលរយៈពេលប្រាំបួនខែរបស់រាជរដ្ឋាភិបាល ។លោកក៏បានគូសបញ្ជាក់អំពីតួនាទីរបស់អ្នកសារព័ត៌មាននិងសំណូមពរដល់អ្នកសារព័ត៌មានទាំងដែលបំពេញការងារនៅខេត្តកំពង់ឆ្នាំងទាំងមូលសូមគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ ។ពិសេសសូមចូលរួមផ្សព្វផ្សាយអប់រំប្រឆាំងគ្រឿងញៀន និងការអនុវត្តភូមិ ឃុំមានសុវត្ថិភាព។
លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងលើកឡើងថា សំណូមពរដល់អ្នកសារព័ត៌មានកាត់បន្ថយការចុះផ្សាយព័ត៌មានបែបហិង្សា ញុះញង់ បញ្ឆេះកំហឹង ។ពិសេសបន្តចូលរួមអនុវត្តការផ្តល់ព័ត៌មាន ទាំងខ្លឹមសារអត្ថបទនិងរូបភាព បែប សន្តិភាព អហិង្សា ក្នុងស្មារតីធ្វើឱ្យសង្គមជាតិកាន់តែទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។
ចំណែកលោកស្រី ស្រី សុធាវី នាយិកាអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ក.ជ.ទ) ថ្លែងថា កិច្ចពិភាក្សាដែលបានរៀបចំឡើងនៅពេលនេះមិនត្រឹមតែអាចពង្រឹងការអនុវត្តការងារ ប្រព័ន្ធផ្សព្វផ្សាយវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាស ដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន បានយល់ដឹងបន្ថែមទៀតពី វិជ្ជាជីវៈ ក្រមសីលធម៌ និងសេរីភាពសារព័ត៌មាន ព្រមទាំងទទួលបានបទពិសោធន៍ និងបានពិភាក្សាគ្នាពីបញ្ហាប្រឈមនានាក្នុងពេលបំពេញការងារ របស់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។
តាមរយៈកិច្ចពិភាក្សាក៏បានអំពាវនាវដល់អ្នកសារព័ត៌មានសូមចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបច្ចុប្បន្នកំពុងតែកើតមានឡើងជាច្រើនលើបណ្ដាញសង្គមផងដែរ ៕
ដោយ៖សុខ គឹមសៀន