សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើង និងចាប់ខ្លួនជនសង្ស័យឆក់ និងប្លន់ (Video Inside)
សមត្ថកិច្ចនគរបាលរាជធានី បានបន្តបង្ក្រាបករណីឆក់ប្លន់ និងក្រុមក្មេងទំនើង ដោយបានឃាត់ខ្លួនជនសង្ស័យ ៩នាក់ ដែលសុទ្ធសឹងជាមនុស្សមកពីក្រៅរាជធានី។ សមត្ថកិច្ចបានបង្ហាញមុខសញ្ញាជនសង្ស័យទាំង ៩នាក់នេះ នៅថ្ងៃទី២៩ឧសភា នៅមុនការបញ្ជូនទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ និងដាក់ទោសតាមច្បាប់។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធទី២៩ឧសភា។
ពាក់ព័ន្ធនឹងករណីបង្ក្រាបក្មេងទំនើងក្នុងរាជធានី…អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ៤៨នាក់ ក្នុងពេលពួកគេធ្វើសកម្មភាពចំនួន ១២លើក។ សមត្ថកិច្ចបានរឹបអូសយកដាវមួយចំនួនពីក្រុងក្មេងទំនើងទាំងនេះ និងបានបញ្ជូនក្មេងទំនើងទាំងនោះ ទៅតុលាការរួចមកហើយផងដែរ។
សមត្ថកិច្ចបានថ្លែងថា គេនឹងបន្តស្វែងតាមរកក្មេងទំនើង ដែលជាប់ពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹង និងកសាងភូមិឃុំមានសុវត្ថិភាព។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលបានថ្លែងថា ចាប់តាំងពីមានការបង្ក្រាបរយៈពេលមួយសប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងត្រូវបានគេកត់សម្គាល់ថា មានការថយចុះជាខ្លាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត វេលាថ្មីៗនេះ បានជំរុញការបង្ក្រាបក្រុមក្មេងទំនើង និងមិនត្រូវឱ្យមានករណីក្មេងទំនើង ដើរបង្កហេតុ និងបង្កភាពអសន្តិសុខ ក្នុងសហគមន៍ទៀតបានឡើយ។