ក្រសួងព័ត៌មាន និងក្រសួងធម្មការ បញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មានស្តីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ
ភ្នំពេញ៖ ក្រសួងព័ត៌មាន សហការជាមួយក្រសួងធម្មការ និងសាសនា និងស្ថាប័នមន្ត្រីសង្ឃ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកសារព័ត៌មានមកពីបណ្តាអង្គភាពស្ថាប័នសារព័ត៌មានរដ្ឋ និងឯកជន។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមានប្រសាសន៍ថា ភាសាខ្មែរ ជាភាសាប្រចាំជាតិ ជាមរតកដ៏មានតម្លៃដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យ ជាអត្តសញ្ញាណសម្តែងដល់ភាពជាខ្មែរ កូនខ្មែរគ្រប់រូបត្រូវតែយល់ឱ្យបានច្បាស់នូវសារៈសំខាន់របស់ភាសាជាតិ។ តាមការគ្រោងទុក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ កម្ពុជា ហើយក្នុងព្រះរាជពិធីនោះ ការផ្សព្វផ្សាយច្រើនតាមរយៈវិទ្យុ ទូរទស្សន៍ និងទូរទស្សន៍អនឡាញ ដើម្បីឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសបានស្ដាប់ និងទស្សនា នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញដល់ពិធីករ-ពិធីការិនី នៅក្នុងអង្គភាពសារព័ត៌មានគ្រប់អង្គភាព ត្រូវសិក្សាស្រាវជ្រាវកំណត់សម្គាល់ឱ្យបានច្បាស់អំពីគោរមងារសម្តេចព្រះមន្ត្រីសង្ឃជាន់ខ្ពស់គ្រប់ព្រះអង្គ ប្រើប្រាស់វចីភាសា និងសំណេរឱ្យបានត្រឹមត្រូវទៅតាមព្រះគោរមងារនោះ ហើយបើសិនជាការអត្ថាធិប្បាយ និងសំណេរមិនមានសង្គតិភាពគ្នាទៅនឹងព្រះគោរមងារនោះទេ ការអត្ថាធិប្បាយ និងសំណេរនោះ វានឹងជះឥទ្ធិពលមិនល្អមកលើវិជ្ជាជីវៈ និងអាជីពរបស់អ្នកសារព័ត៌មានគ្រប់គ្នា។ ផ្ទុយទៅវិញបើការអត្ថាធិប្បាយ និងសំណេរនោះ ប្រើប្រាស់សង្ឃសព្ទ និងរាជសព្ទបានត្រឹមត្រូវទៅតាមព្រះគោរមងារ ការផ្សព្វផ្សាយនោះនឹងទទួលបានផលប្រយោជន៍ច្រើន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលា របស់យើងនាពេលនេះ គឺដើម្បីតម្រង់ឆ្ពោះទៅកាន់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនៅថ្ងៃនោះស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ព្រមទាំងសារព័ត៌មានអនឡាញមួយចំនួននឹងធ្វើការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ ក្នុងនោះវិទ្យុជាតិកម្ពុជា និងទូរ ទស្សន៍ជាតិកម្ពុជា នឹងទទួលផ្តាច់មុខលើការគ្រប់គ្រងការងារផ្សព្វផ្សាយនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យការអត្ថាធិប្បាយរបស់ពិធីករ ពិធីការិនីប្រព្រឹត្តទៅដោយភាពត្រឹមត្រូវនៅក្នុងការប្រើប្រាស់ពាក្យពេជន៍ ជាពិសេសការប្រើសង្ឃសព្ទ រាជសព្ទ និងរាជសង្ឃសព្ទ ដែលជាប្រធានបទសំខាន់នៃសិក្ខាសាលា។ ហើយការយល់ដឹងអំពីការ ប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់សម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំថាតើរបៀបនៃការប្រើប្រាស់សង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទឱ្យបានត្រឹមត្រូវថាតើ យើងត្រូវមានការយល់ដឹងពីអ្វីខ្លះ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧទ្ទេសាចារ្យ សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានស្រង់នូវពាក្យគន្លឹះចំនួន ២៦ពាក្យ ដែលសុទ្ធសឹងជាពាក្យ ដែលយើងត្រូវប្រើនៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពនេះតែម្តង ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា