អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការលីកាដូឱ្យបញ្ឈប់ការឃុំខ្លួនលើកុមារ និងអនីតិជន នៅក្នុងពន្ធនាគារ
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា តុលាការមិនមែនចេះតែសម្រេចឃុំខ្លួនលើបុគ្គលណាមួយ ជាពិសេសទៅលើអនីតិជន និងកុមារតែម្តង វាទាល់តែរកធាតុផ្សំឃើញថា អំពើដែលកុមារ ឬក៏អនីតិជននោះ គឺមានគ្រប់គ្រាន់ក្លាយទៅជាបទល្មើសទើបតុលាការអាចឃុំខ្លួន ដើម្បីបន្តការស៊ើបអង្កេតតទៅទៀតជាដើម។ ការបញ្ជាក់នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការលីកាដូសូមឱ្យបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់ លើកុមារ និងអនីតិជន នៅក្នុងពន្ធនាគារ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តុលាការមិនមែនចេះតែសម្រេចឃុំខ្លួនលើបុគ្គលណាមួយ ជាពិសេសទៅលើអនីតិជនកុមារតែម្តង វាទាល់តែរកធាតុផ្សំឃើញថា អំពើដែលកុមារ ឬក៏អនីតិជននោះ គឺមានគ្រប់គ្រាន់ក្លាយទៅជាបទល្មើសទើបតុលាការគេអាចឃុំខ្លួនដើម្បីបន្តការស៊ើបអង្កេតតទៅទៀតជាដើម។ តុលាការក៏ផ្អែកទៅលើចរិតនៃបទល្មើសដែលវាគ្រោះថ្នាក់ដល់សង្គមដល់មូលដ្ឋានដល់សហគមន៍ ដែលមានចរិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយគ្រោះថ្នាក់ទាំងកុមារ និងអនីតិជនខ្លួនឯងថែមទៀតផង ហើយអំពើប្រព្រឹត្តនោះ បើសិនជាមិនឃុំខ្លួនបណ្តោះអាសន្នដោយប្រការណាមួយនោះ វាអាចរាលដាលដល់អនីតិជន ដល់កុមារផ្សេងៗទៀត ហើយនឹងគ្រោះថ្នាក់ដល់អនាគតរបស់កុមារ ឬក៏អនីតិជនដែលប្រព្រឹត្តអំពើនោះថែមទៀតផង បើសិនជាឱ្យនៅក្រៅឃុំ។

អ្នកនាំពាក្យរងរូបនេះបានបន្តថា រាល់កុមារ ឬក៏អនីតិជន ដែលមានអាយុចាប់ពី១៤ឆ្នាំឡើងលើ គឺអាចនឹងទទួលនូវការខុសត្រូវព្រហ្មទណ្ឌ ទទួលនូវការឃាត់ខ្លួន ទទួលនៅការចាទប្រកាន់ ទទួលនៅការឃុំខ្លួនបណ្តោះអាសន្នឈានទៅដល់ការបើកសវនាការ។
លោក ទូច សុឃៈ បានបញ្ជាក់ថា ការសម្រេចរបស់តុលាការក្នុងការឃុំខ្លួនកុមារ ឬអនីតិជននេះ គឺតុលាការផ្អែកទៅលើស្ថានភាពជាក់ស្តែងរបស់សង្គម ឬក៏ការវិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលរបស់សង្គមយើងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ អង្គការលីកាដូបាន អំពាវនាវដល់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ សូមបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់លើកុមារ និងអនីតិជន នៅក្នុងពន្ធនាគារ ហើយក៏សូមអំពាវនាវឱ្យអាជ្ញាធរប្រើប្រាស់វិធានការផ្សេងទៀត ជំនួសឱ្យការឃុំខ្លួនបណ្តោះអាសន្ន៕
ដោយ៖ពលជ័យ