ខេត្ត៦ថ្មីទៀតគ្រោងប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (Video Inside)
ខេត្តចំនួន៦ទៀត នឹងគ្រោងប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល នៅក្នុងឆ្នាំ២០២៤នេះ។ ការបន្ទោរបង់ពាសវាលពាសកាលបានបង្កការប៉ះពាល់ដល់អនាម័យ បរិស្ថាន, សោភ័ណភាព និងសុខភាពផងដែរ។
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទ» នាថ្ងៃទី៤ ខែមិថុនានេះ បានអោយដឹងថា ខេត្តទាំង៦ ដែលគ្រោងនឹងប្រកាសខាងមុខនេះរួមមាន ខេត្តកំពង់ចាម, ត្បូងឃ្មុំ, បន្ទាយមានជ័យ, សៀមរាប, រតនគិរី និងព្រះសីហនុ។
គួរបញ្ជាក់ថារហូតមកទល់ពេលនេះ មានខេត្តចំនួន៧ហើយ ដែលត្រូវបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។ ខេត្តទាំង៧ ដែលបានប្រកាសរួចមកហើយនេះ រួមមានខេត្តស្វាយរៀង, ព្រៃវែង, កណ្តាល, រាជធានីភ្នំពេញ, កំពង់ស្ពឺ, កំពង់ឆ្នាំង និងកែប។
ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងធ្វើការប្រកាសខេត្តព្រះសីហនុជាប់មាត់សមុទ្ទ ជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ នៅថ្ងៃទី១៣ ខែមិថុនាខាងមុខនេះ។
គួរបញ្ជាក់ថាដើម្បីរួមចំណែកធ្វើឱ្យបណ្តាខេត្តនានាក្លាយជាខេត្តមានអនាម័យល្អនោះ គឺចាប់តាំងឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ននេះ, ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់បង្គន់អនាម័យ តាមខ្នងផ្ទះចំនួន ២ម៉ឺន ៨ពាន់កន្លែង, បង្គន់អនាម័យប្រើប្រាស់រួមមាន ៧៣កន្លែង និងកន្លែងលាងសម្អាតដៃ បានចំនួន ២ពាន់ ៤០០កន្លែង។