កសិករមួយរូប នៅក្រុងសិរីសោភ័ណ បានពង្រីកការចិញ្ចឹមបង្កង ពីអាងតង់កៅស៊ូ រហូតដល់ពង្រីកផ្ទៃដី ជាងពីរហិកតា ផ្ដើមចេញពីបច្ចេកទេសរៀនតាមយូធូប

បន្ទាយមានជ័យ៖ ផ្ដើមចេញពីការស្រឡាញ់ផ្នែកកសិកម្ម កសិករមួយរូបមានវ័យជាង ៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យករបរ ចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប ទើបធ្វើឱ្យរូបលោក បែកគំនិតក្នុងការចិញ្ចឹមបង្កងពីផ្ទៃដីតូច ហានបោះទុនរហូតដល់ មានការពង្រីកផ្ទៃដី ដល់ ២ហិកតា បន្ថែម ។

លោក លី រតនៈ ដែលជាម្ចាស់កសិដ្ឋានបង្កង កសិករកម្ពុជា មានទីតាំងនៅភូមិថ្មី សង្កាត់ភ្នៀត បានឱ្យដឹងថា លោកចាប់របចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេលជិត ៥ឆ្នាំហើយ ដោយសារតែមានការចាប់អារម្មណ៍ និងស្រឡាញ់ខាងផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមបង្កង មិនសូវមានអ្នកចិញ្ចឹម មួយវិញទៀត បង្កងនេះក៏មានតម្រូវការទីផ្សារច្រើនផងដែរ ទើបរូបលោកបានធ្វើការស្រាវជ្រាវ បច្ចេកទេសតាមយូធូប និងមើលអ្នកចិញ្ចឹមនៅខេត្តបាត់ដំបងប្រហែល ២ម៉ោង ក៏ចាប់ផ្តើមរៀបចំអាងដំបូងតែ៥០ ទៅ៦០ការ៉េ តែប៉ុណ្ណោះ ដើម្បីសាកល្បងរយៈពេល ៤ខែ ឃើញវាធំលឿន ក៏ចាប់ផ្តើមពង្រីកផ្ទៃដីជាង ៣០០០ម៉ែត្រការ៉េ ឃើញថាទទួលបានផល ទើបបង្កើតទីតាំងមួយបន្ថែមទៀតដែលមានផ្ទៃដី ២ម៉ឺនម៉ែត្រការ៉េ (២ហិកតា) ដោយយកដើមទុនកម្ចីពីធនាគារ កសិកម្មអភិវឌ្ឍន៍ជនបទ (ARDB) ដើម្បីពង្រីកការចិញ្ចឹមបន្ថែម ។

លោកក៏បានបញ្ជាក់បន្ថែមថា ចំពោះទីផ្សារវិញ គឺលោកយកទៅលក់តាមបណ្តាភោជនីយដ្ឋានធំៗ ដូចជានៅក្នុងក្រុងប៉ោយប៉ែត ជាដេីម និងធ្វើការលក់តាមប្រព័ន្ធអនឡាញ ដូចជា ហ្វេសប៊ុក យូធូប តឹកតុកជាដើម ដោយលក់ចន្លោះតម្លៃចាប់ពី ១៧ទៅ ២៥ដុល្លារក្នុងមួយគីឡូក្រាម តាមប្រភេទលេខ១ និងលេខ២ ។

ជាមួយគ្នានោះ លោក លី រតនៈ ក៏បានបង្ហាញអំពីគោលជំហររបស់លោកចង់ឱ្យបងប្អូនកសិករដែលមានបំណងចង់ចាប់យកមុខរបរចិញ្ចឹមបង្កងនេះ អាចធ្វើការទាក់ទងទៅរូបលោកបាន ដើម្បីធ្វើការបង្ហាត់បង្ហាញនូវបច្ចេកទេសមួយចំនួន ក្នុងនោះលោកក៏មានការបង្កាត់នូវពូជសម្រាប់លក់ជូនបងប្អូនកសិករដែលចង់សាកល្បងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីនេះផងដែរ ៕

ដោយ៖ឃិន គន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner