បង្កើនការគ្រប់គ្រងទឹក ដើម្បីនិរន្តរភាពលើការអភិវឌ្ឍន៍វិស័យទឹក និងកសិកម្ម

ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំស្ដីពី ចុះកិច្ចព្រមព្រៀងរវាង គម្រោងនើឆ័រ ជាមួយ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឡើង កាលពីថ្ងៃទី ៤ខែ មិថុនាឆ្នាំ២០២៤ នៅ មន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់លើការ ចុះកិច្ចព្រមព្រៀងលើគម្រោងនើឆ័រ សម្រាប់អនុវត្ត ឆ្នាំ២០២៤ ដំណាក់កាលទីមួយក្នុងខេត្តបន្ទាយមានជ័យនេះ ទទួលការគាំទ្រពីមូលនិធិពីអង្គការ ហិក ការីតាស់ស្វីស S A D និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការស្វីស ។ គម្រោងនើឆ័រនេះ បានផ្តោតជាចម្បងលើ ការគ្រប់គ្រង និងការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្ម ដែលធន់នឹងអាកាសធាតុ ឬ ស្របទៅនឹងស្ថានភាពបំរែបំរួលអាកាសធាតុ ពោលគឺ បង្កើនការគ្រប់គ្រងទឹកដើម្បីនិរន្តភាពឬភាពជាប់លាប់លើការអភិវឌ្ឍន៍ វិស័យទឹក និងកសិកម្ម។

លោកឈឿន ក្រៃយ៉ុង បញ្ជាក់ថា ដើម្បីអនុវត្តម្រោងនើឆ័រប្រចាំប្រទេសកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យពេលនេះ ឲ្យមាននិរន្តរភាព ចាំបាច់បង្កើតសហគមន៍កសិករប្រើប្រាស់ទឹក ឲ្យយល់ដឹងពីសារៈសំខាន់ពីការគ្រប់គ្រងទឹកក៏ដូចជាការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាអោយពួកគាត់ចេះស្រលាញ់ថែទាំប្រព័ន្ធធារាសាស្ត្រ និងចេះរក្សាទឹកមានតម្លាភាព ។ បច្ចុប្បន្នគម្រោងនើឆ័រ ដែលបានសហការណ៍ជាមួយមន្ទីរពាក់ព័ន្ធក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក នៅមូលដ្ឋានសំដៅលើកកម្ពស់ អភិបាលកិច្ចទឹក និងប្រព័ន្ធធារាសាស្ត្រ ក្នុងការ ប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកសិកម្ម ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner