អភិបាលខេត្ត៖ ជំរុញការពង្រឹងជំនាញវិជ្ជាជីវៈដល់ពេទ្យឆ្មប

បន្ទាយមានជ័យ៖ ការពង្រឹងជំនាញវិជ្ជាជីវៈ ដល់ពេទ្យឆ្មបដើម្បី​លើកកម្ពស់សេវាថែទាំព្យាបាលសុខភាព មាតា ទារក គឺជា​ប្រធាន​បទនៃទិវា ឆ្មប ៥ ឧសភា ដែលបានប្រារព្ធនៅសាលា​គរុកោសល្យខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងក្នុង​ពិធីនេះថា ឆ្មបមានតួនាទីសំខាន់ក្នុងការបង្កើត និងថែទាំ​សុខុមាល​ភាព​ទារក រួមទាំងមាតាផងដែរ។ដូច្នេះចាំបាច់​ត្រូវបង្កើនជំនាញវិជ្ជាជីវៈផ្នែកឆ្មបនេះ បំប៉នចំណេះដឹងថ្មីៗ​ក្នុងសម័យបច្ចេកវិទ្យា​ទំនើប​​បន្ថែម​ទៀតដើម្បបង្កើនសមត្ថភាព​គ្រប់គ្រាន់ក្នុងការផ្តល់សេវាជូនស្ត្រីជាមាតា និងទារក។

ឯកឧត្តមអភិបាលបន្ថែមទៀតថា ការពង្រឹងជំនាញវិជ្ជាជីវៈ​ពេទ្យឆ្មបនេះផ្ដោតសំខាន់លើសេវាថែទាំព្យាបាលសុខភាព មាតា ទារក ។

សូមបញ្ជាក់ថា ពេទ្យឆ្មបនៅខេត្តបន្ទាយមានជ័យមានចំនួន​៥៥២នាក់។ក្នុងឱកាសទិវាឆ្មបដែលរៀបចំ​ឡើង​ដោយ​សាខាកាកបាទ​ក្រហម​ខេត្តបន្ទាយមានជ័យក៏មាន​ការ​ផ្ដល់អំណោយ​ជាកញ្ចប់ឃីតដល់ស្ត្រីមានផ្ទៃពោះ និងពេទ្យឆ្មបសរុប ២០០​នាក់ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner