ម្ចាស់ក្លឹបម៉ូតូទឹក Flamingo លោក Henri Klauf បាននាំកីឡាករកម្ពុជា ដើរលេង និង ទស្សនាតំបន់ប្រវត្តិសាស្រ្ត Osaka Castle នៅទីក្រុងអូសាកា
អូសាកា៖ ព្រឹត្តការណ៍ប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន នឹងចាប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាទីលាន Nishikinohama Park ។
លោក Henri Klauf ម្ចាស់ក្លឹបម៉ូតូទឹក Flamingo ដែលគ្រប់គ្នាស្គាល់ថា ជាអ្នកឧបត្ថម្ភធំដល់ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនរាប់សិបម៉ឺនដុល្លារ និងផ្តល់ទីតាំងហ្វឹកហាត់ ទិញសម្ភារៈ ទិញម៉ូតូទឹកជូនកីឡារកកម្ពុជា ជាដើម និងជាអ្នកជ្រោមជ្រែងសំខាន់មួយរូបជួយក្រុមកីឡាករម៉ូតូទឹកកម្ពុជាឈ្នះមេដាយ ២គ្រឿង មាស១ និងសំរិទ្ធមួយគ្រឿង ពីព្រឹត្តការណ៍អេស៊ានហ្គេម ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។
គិតមលដល់បច្ចុប្បន្ន លោក Henri Klauf នៅតែបន្តឧបត្ថម្ភ និងបានដឹកនាំកីឡាករម៉ូតូទឹកម្ពុជាចូលរួមការប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន ឆ្នាំ២០២៤នេះ និងបាននាំកីឡាករ គ្រូបង្វឹក និងប្រតិភូកម្ពុជា ដើរលេង និងទស្សនាតំបន់ប្រវត្តិសាស្រ្ត Osaka Castle នៅទីក្រុងអូសាកា។ អ្វីដែលពិសេស និងគួរអោយកោតទៀតនោះ ឆ្នាំ២០២៤នេះ ម្ចាស់ក្លឹបម៉ូតូទឹក Flamingo ជនជាតិអាល្លីម៉ង់រូបនេះ បានចំណាយថវិកាជួលក្រុមជាងជំនាញមកពីប្រទេសអូស្រ្តាលី និងអូទ្រីស ជួយជួសជុលម៉ូតូទឹកក្នុងព្រឹត្តការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោកទាំង៤ដំណាក់កាលឆ្នាំ២០២៤នេះ គឺនៅប្រទេសជប៉ុន ប៉ូឡូញ សហរដ្ឋអាមេរិក និងបញ្ចប់នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃចុងឆ្នាំនេះ។
តាមការបញ្ជាក់ពី វីរៈកីឡាករ សាលីអូ ម៉ើត ជាអគ្គលេខាធិការសហព័ន្ធម៉ូតូទឹកកម្ពុជា បានអោយដឹងថា លោកគ្រោងស្នើដល់លោក Henri Klauf អោយជួយទិញម៉ូតូទឹកថ្មីសម្រាប់កីឡាករកម្ពុជា ហ្វឹកហាត់ និងចូលរួមការប្រកួតកម្រិតអន្តរជាតិធំៗ។
សូមបញ្ជាក់ថា ការប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET ដំណាក់កាលទី១ ដែលធ្វើឡើងនៅថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងអូសាកា(Osaka) ប្រទេសជប៉ុន គឺ១៧ប្រទេសចូលរួម ។ កម្ពុជាបញ្ជូនកីឡាករសរុបចំនួន៥រូប, គ្រូបង្វឹក២ ប្រតិភូ២រូបចូលរួម គឺវីរៈកីឡាករ សាលី អ៊ូម៉ើត ជាអគ្គលេខាធិការសហព័ន្ធដឹកនាំ,កីឡាករ ម៊ីន ម៉ូស្តាន់ , កីឡាករ កៃវ៉ាន់ ស៊ីដែន , កីឡាករ ម៊ីន អូស្មាន់ និងកីឡាករ សាលី ហ្វីលីន គ្រូបង្វឹក សាលី អូស្មាន់ គ្រូជំនួយ ទីន ហូសេន ប្រតិភូ លោក មាស ម៉ាប់ និងលោក សៅ ចន្ថា ៕
អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ