រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុច​រង្វង់មូលគួចកាណុង ស្ពានជ្រោយចង្វារ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញពីស្ថានភាពចរាចរ នៅចំណុចរង្វង់មូលគួចកាណុង មានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសេសម៉ោងមមាញឹក (ចន្លោះពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង ១៩:០០នាទីយប់) ដែលជា ហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងសមស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុង ដូចខាងក្រោម៖ ១-ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស ២-ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលកូចកាណុង ដល់ផ្លូវលេខ៨០ ៣-រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០ ៤-រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។

គម្រោងខាងលើនេះនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខាងលើ មេត្តាយោគយល់​ និងចូលរួមសហការតាមខ្លឹមសារខាងលើនេះប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner