សម្តេចធិបតី៖ បច្ចេកវិទ្យា មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារ ក្នុងគោលដៅត្រឹមត្រូវ

សៀមរាប៖ បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើ នូវមុខងារ ឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស ។ នេះជាការគូសពញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ។

ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។

សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។ បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់មានសារៈសំខាន់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យបានរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា ។

សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរ ។

សម្តេចធិបតី បានជូនពរគណៈប្រតិភូទាំងអស់ ឱ្យទទួលបានការស្នាក់នៅ កម្ពុជា ប្រកបដោយក្តីរីករាយ និងទទួលបានជោគជ័យក្នុងកិច្ចប្រជុំប្រកបផ្លែផ្កា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner