បន្ថែមដៃគូនៅក្រៅប្រទេស៖ក្លិបអ្នកកាសែតកម្ពុជាចាប់ដៃ ជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន
ប្រទេសចិន៖ ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយ សមាគម អ្នកសារព័ត៌មាននៃប្រទេសមហាយក្សមួយ ទៀត ហើយនៅថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបន្ទាប់ ពី ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន។
សូមជម្រាបថា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ត្រូវបានអញ្ជើញទៅប្រទេសចិនដើម្បីជួបពិភាក្សាការងារលើកទីមួយជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្ស កុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនក្នុងគោលបំណងដើម្បីភ្ជាប់ ទំនាក់ ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។
នៅឯជំនួបព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្ត យូណាននៃប្រទេសចិន លោកជំទាវ អ៊ូ សៀ បានបញ្ជាក់ថាសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនធ្វើការជាមួយអ្នក សារព័ត៌មាន១,២លាននាក់នៅប្រទេសចិន រីករាយនឹងភ្ជាប់ ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជាដើម្បីធ្វើការរួមគ្នា លើវិស័យសារព័ត៌មាន។
ខណៈនៃជំនួបនេះលោក ពុយ គា បានជម្រាបជូនភាគី ចិន ថាក្លិបអ្នកកាសែតកម្ពុជាមានបំណងធ្វើការជាមួយអ្នកសារព័ត៌មានចិនតាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗដែលអាចជួយជំរុញដល់កំណើនទេសចរណ៍និងទុនវិនិយោគនៅកម្ពុជា ជួយទប់ស្តាត់និងកាត់ បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែ ភាពយន្ត “No More Bets” ដែលបានចាក់បញ្ចាំងកន្លងមក។
ភ្លាមៗនោះ លោកជំទាវបានជម្រាបលោក ពុយ គា ថា លោកស្រីនឹងដឹកនាំប្រតិភូអ្នកសារព័ត៌មានទូទាំងប្រទេសចិនទៅកាន់កម្ពុជានៅពេលឆាប់ៗខាងមុខនេះដើម្បីចុះហត្ថលេខា ភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។
គប្បីជម្រាបថា ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង ៦០០នាក់ មកពីជិត២០០ស្ថាប័ន បានក្លាយជាសមាជិក សហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជា សហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់៕
ប្រភពក្លិបអ្នកកាសែតកម្ពុជា