ប្រធានគណបក្សកម្លាំងជាតិ ធ្វើលិខិតគោរពសូមទោសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានធ្វើលិខិតគោរពសូមទោសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
នៅក្នុងលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី បានសរសេរថា ខ្ញុំបាទ ស៊ុន ចន្ធី ពិតជាមានការសោកស្តាយ នូវមតិលើកឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ២០នាក់ នៅខេត្តអីបារ៉ាគិ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំបាទពិតជាមានការសោកស្តាយ និងសូមទោសដោយសុចរិតចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូល នូវមតិលើកឡើងខុសឆ្គងដោយអចេតនា មកលើរាជរដ្ឋាភិបាលកម្ពុជា។
ខ្ញុំបាទសូមគោរពជូនពរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ពិសេស ជោគជ័យក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងឥតឈប់ឈរ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ៕
ដោយ៖ពលជ័យ