លទ្ធផលអវិជ្ជមានក្នុងធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត  ក្រុង ស្រុក នៃខេត្តកែប

 កែបៈថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ចំណុះរដ្ឋបាលខេត្ត  រដ្ឋបាលក្រុងកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ សរុបចំនួន ២១០នាក់ (ស្រី៧០នាក់) បានធ្វើតេស្តរកសារធាតុញៀនកាលពីចុងសប្ដាហ៍កន្លងទៅនេះនៅសាលប្រជុំសាលាខេត្ត។

ការធ្វើតេស្តរកសារធាតុញៀន នេះ ដោយមានកិច្ចសហការពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កែប និងបានប្រព្រឹត្តទៅក្រោមការចូលរួមរបស់ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប។

សូមជម្រាបថា ការរៀបចំតេស្តរកសារធាតុញៀននេះ គឺអនុវត្តតាមបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

លោក គាត សារាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានបញ្ជាក់ថា របាយការណ៍បឋមនៃការធ្វើតេស្តរកសារធាតុញៀននេះមាន៖១.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តសរុបចំនួន១០៣នាក់ (ស្រី៣៦នាក់ )
២.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រុងកែប សរុបចំនួន៥៧នាក់ (ស្រី២០នាក់)និង៣.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាស្រុកដំណាក់ចង្អើរ សរុបចំនួន៥០នាក់ ស្រី១៤នាក់ បានមកធ្វើតេស្តគ្រប់ចំនួន។
ជាលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត  ក្រុង ស្រុក ទទួលបានលទ្ធផលអវិជ្ជមាន១០០ភាគរយ៕
ដោយ សិលា សារិន

ads banner