យុវជនសង្គមស៊ីវិលអំពាវនាវមហាជនរួមគ្នាកម្ចាត់មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី៩ ខែមិថុនានេះ បានបន្តចេញធ្វើយុទ្ធនាការ និងចេញសារថ្កោលទោសចំពោះក្រុមចលនាយុវជនខុសច្បាប់ និងអំពាវនាវដល់មហាជនរួមគ្នា កម្ចាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងជ្រុលនិយមចេញពីកម្ពុជា។

ប្រធានសមាគមយុវជនខ្មែរមហានគរនៃបណ្តុំអង្គការសង្គមស៊ីវិលលោក ហេង សំណាង លើកឡើងថា ក្រុមចលនាយុវជនខុសច្បាប់ សកម្មភាពរបស់ពួកគេ ធ្វើឡើងដើម្បីតែកេងចំណេញផ្នែកនយោបាយ និងគ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ។ លោកបន្តថា ពោលសកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនោះ មិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយបែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ។ ពិសេសពួកគេបានបង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន បង្កភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ដល់សង្គមជាតិជាដើម។

ដោយឡែក លោក វ៉ែន រស្មី ប្រធានក្រុមយុវជនខេត្តកំពង់ឆ្នាំង បានបន្តថា ក្រុមចលនាយុវជនខុសច្បាប់មួយចំនួន ពួកគេកំពុងតែរិះរកវិធីសាស្រ្តយកវិស័យបរិស្ថាន ធ្វើជាឈ្នាន់នយោបាយបម្រើជនបរទេស ហើយពួកគេងប់ងុលលង់លក់ដោយមិនបានបើកចិត្តទូលាយមើលការខិតខំកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។ លោកបញ្ជាក់ថា ក្រុមយុវជនទាំងនេះ ត្រូវបានងប់ងុលជាមួយមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយម ដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើននៅក្នុងប្រទេសខ្លួន។

ក្នុងឱកាសនោះយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្ទួចហ៊ានហាមាត់និយាយបង្ខូចជាតិសាសន៍ខ្លួនឯង។ លោកថ្លែអថា៖«សូមបងប្អូនយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ»។ ក្នុងនាមជាយុវជនសង្គមស៊ីវិលលោក ហេង សំណាង រួមសមាជិក សមាជីកា បានបញ្ជាក់ថា មិនអាចឱបដៃឈរមើលចំពោះ យុវជនឬជនបរទេស និងបណ្តាអង្គការសមាគមណាមួយ មកធ្វើសកម្មភាពកេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ សមាគមយុវជនខ្មែរមហានគរនៃបណ្តុំអង្គការសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ដើម្បីចូលរួមឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕
ដោយ៖ពលជ័យ

ads banner