រាជរដ្ឋាភិបាលចេញសារាចរកែសម្រួលរចនាសម្ព័ន្ធក្រសួងស្ថាប័ន (Video Inside)
រាជរដ្ឋាភិបាលបានចេញសារាចរស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយបញ្ជាក់មិនឱ្យបង្កើនចំនួនអង្គភាពថ្មី និងដាក់បញ្ជាត្រូវពិនិត្យរចនាសម្ព័ន្ធ ដែលមានស្រាប់ ដើម្បីចង់ដឹងថា តើបានបំរើសេចក្តីត្រូវការដល់ស្ថាប័ន និងក្រសួងតាមតម្រូវការបច្ចុប្បន្នដែរឬទេ?
សារាចររាជរដ្ឋាភិបាលលេខ០៨ស.រ. ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី១១ មិថុនាឆ្នាំ២០២៤ បានដាក់ចេញវិធានការ ៣ចំណុចធំៗ ពាក់ព័ន្ធនឹងការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលស្ថិតក្រោមបង្គាប់របស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧។
ខ្លឹមសារសារាចរ បានណែនាំ «មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាព ទោះក្នុងកម្រិតណាក៏ដោយ ឬបន្ថែមទម្ងន់បែបបទ និងនីតិវិធីដែលមានស្រាប់ នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ»។
សារាចរដដែល បានបន្តថា «ក្រសួងស្ថាប័នត្រូវពិនិត្យឡើងវិញរចនាសម្ព័ន្ធមានស្រាប់ ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើការកែសម្រួលឬច្របាច់បញ្ចូលគ្នា ឬត្រូវលុបចោល»។
សារាចរដដែលបានសរសេរថា «ការបង្កើតអង្គភាពថ្មីត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ និងឆ្លើយតបចំពោះតម្រូវការ ដែលមានក្នុងក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា»។
សារាចរដដែលបានណែនាំមិនត្រូវធ្វើការតម្លើងកម្រិត ឬឋានៈអង្គភាព ដែលជាហេតុនាំឱ្យមានការកើនឡើង រចនាសម្ព័ន្ធ របស់ក្រសួងស្ថាប័ន និងណែនាំជុំវិញការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស និងថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត។