ពលរដ្ឋខេត្តកំពតនៅជាប់ការដ្ឋាន ត្រៀមខ្លួនជានិច្ចដើម្បីពន្លឿនការសាងសង់ព្រែកជីកហ្វូណន តេជោ
កំពត៖ ស្របពេលដែលការដ្ឋានព្រែកជីកហ្វូណន តេជោ នឹងប្រារព្ធបើកជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខដោយសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ,ប្រជាពលរដ្ឋរស់នៅតាមតម្រាយផ្លូវនៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពតបានបញ្ជាក់ពីការចូលរួមថា ទោះជាគម្រោងព្រែកជីកប៉ះពាល់ដល់លំនៅឋាន ឬដីស្រែចម្ការខ្លួនក៏ដោយ ក៏ពួកគាត់ពេញចិត្តនឹងត្រៀមខ្លួនចូលរួមសហការជាមួយរាជរដ្ឋាភិបាលជានិច្ច ដើម្បីពន្លឿនការសាងសង់ឲ្យលេចចេញជារូបរាងឆាប់ៗ ។
ប្រជាពលរដ្ឋរស់នៅតាមតម្រាយផ្លូវនៃគម្រោងព្រែកជីកហ្វូណន តេជោ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស បានសម្តែងការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ក្រោយពេលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុននេះ។
ចំណែកអភិបាលស្រុកបន្ទាយមាសលោក នូ ចាន់ដា បានបញ្ជាក់ថា ក្នុងនាមពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយមាស លោកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណន តេជោ ព្រោះព្រែកជីកនេះជាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលនឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់ប្រជាពលរដ្ឋ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបន្លែមធម្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់ការជនលិច និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ។ លោកអភិបាលបានបញ្ជាក់ថា សម្រាប់ពលរដ្ឋស្រុកបន្ទាយមាស សប្បាយចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ហើយបានត្រៀមខ្លួនចូលរួមសហការជាមួយរាជរដ្ឋាភិបាលជានិច្ច ដើម្បីធ្វើយ៉ាងណាពន្លឿនការសាងសង់ព្រែកជីកហ្វូណនតេជោឲ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា ជាលក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផលប្រយោជន៍ដូចជា៖
- ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោលជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាពនៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស
- ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មកវិញពីការ វិនិយោគប្រមាណពី ២០ភាគរយ ទៅ ៣១ភាគរយ
- កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ
- ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
- ការជំរុញ អភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្ម ទីក្រុង ជាដើម
- ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់
- រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត
- ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ ជីវចម្រុះ៕
ដោយ៖ សិលា សារិន