អាជ្ញាធរហុងឌូរ៉ាស ដុតបំផ្លាញកូកាអ៊ីន ៥,៦តោន
បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសហុងឌូរ៉ាស កាលពីថ្ងៃព្រហស្បតិ៍ បានដុតបំផ្លាញកូកាអ៊ីន ចំនួនជាង ៥,៦តោន ដែលរឹបអូសបាន នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន កន្លងមក នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញាសាធារណៈ។
ប្រភពបានបន្តថា គ្រឿងញៀនទាំងនេះ ត្រូវបានរឹបអូសបាន ក្នុងរយៈពេលបីខែ ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ ដែលភាគច្រើន នៅក្នុងដែនទឹកនៃសមុទ្រការ៉ាប៊ីន។
កូកាអ៊ីន ទាំងចំនួន ៥៦៣១គីឡូក្រាមនេះ ត្រូវបានដុត នៅក្នុងវាលនៃកងកម្លាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅជាយក្រុងភាគខាងត្បូង នៃរដ្ឋធានី Tegucigalpa ។
ប្រទេសហុងឌូរ៉ាស និងបណ្តាប្រទេសនៅអាមេរិកកណ្តាលផ្សេងទៀត ត្រូវបានចាត់ទុកថា ជាចំណុចដឹកជញ្ជូនឆ្លងកាត់នៃកូកាអ៊ីន ពីប្រទេសផលិត នៅតំបន់អាមេរិកខាងត្បូង ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅនេះ គ្រឿងញៀនទម្ងន់១៣៥០គីឡូក្រាម ដែលរឹបអូសបាន ត្រូវបានដុតបំផ្លាញ នៅប្រទេសហុងឌូរ៉ាស ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
