ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ
ភ្នំពេញ៖ដូចអ្វីដែលបានគ្រោងទុកទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ លើកទី៧ ប្រព្រឹត្ត ទៅនៅ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណៈដែលមន្រ្តីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរំពឹងថា នឹងទាក់ទាញអ្នកចូលរួមច្រើនខ្ទង់ម៉ឺននាក់។
ទាក់ទងនឹងព្រឹត្តិការណ៍នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់អ្នកកាសែតថា ទិវាជាតិបណ្តុះបណ្តាល បច្ចេកទេសនិង វិជ្ជាជីវៈ នៅចុងសប្តាហ៍នេះ មានអង្គភាពថ្នាក់ជាតិ ចូលរួម ចំនួន ១០៤អង្គភាព ដែលស្មើនឹង ១២៥ស្តង់ និង សម្រាប់ថ្នាក់ក្រោមជាតិ ចំនួន ២៨០អង្គភាព ទាំង ២៤ខេត្ត។ លោក រំពឹងថា នឹងទាក់ទាញ អ្នក ចូលរួមប្រមាណជាង ៦ម៉ឺននាក់។
នៅក្នុងទិវាជាតិដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញរយៈពេលពីរថ្ងៃមានការដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិត របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន អង្គការ សមាគម ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ព័ត៌មានអាហាររូបករណ៍ ដោយក្នុងនោះសិស្សនិស្សិត ឬសាធារណៈជនដែលចូលរួម អាចចុះឈ្មោះចូលរៀនភ្លាមៗបានដោយផ្ទាល់ និងអាច ដាក់ពាក្យស្វែងរកការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗជាច្រើននៅក្នុងថ្ងៃនោះផងដែរ៕








