ខួបទី៦២! អគ្គនាយកអាជ្ញាធរជាតិព្រះវិហាររម្លឹកពីព្រះរាជបូជនីយកិច្ចដែលព្រះបរមរតនកោដ្ឋបានខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ហើយដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសចង់ចាំនៅព្រះរាជបូជនីយកិច្ចដែលព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្របានខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារ ដោយបានខិតខំប្រឹងប្រែងនាំយកករណីប្រាសាទព្រះវិហារទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិកា បានមានប្រសាសន៍ថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ គឺជាការចងចាំ ជាស្មារតីសម្រាប់កូនខ្មែរ ក៏ដូចជាអាជ្ញាធរជាតិព្រះវិហារទទួលការងារក្នុងការគ្រប់គ្រងការអភិរក្ស ការអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ គឺប្រកាន់នៅស្មារតីមួយ គឺចងចាំនូវព្រះរាជបូជនីយកិច្ចដែលព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្របានខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារ ដោយបានខិតខំប្រឹងប្រែងនាំយកករណីប្រាសាទព្រះវិហារទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

បន្ទាប់ពីខិតខំប្រឹងប្រែងនៅក្នុងការងារការទូតជាមួយប្រទេសជិតខាងលើករណីនេះដោយទទួលបានជោគជ័យ ជាលទ្ធផលមួយដែលយើងទទួលបានទាំងអស់គ្នា គឺកម្ពុជាទទួលបាននៅយុត្តិធម៌ដែលបានផ្តល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ ដែលកម្ពុជាមានទឡ្ហីករណ៍គ្រប់គ្រាន់ មានអំណះអំណាងគ្រាប់គ្រាន់មានភស្តុតាងគ្រប់គ្រាន់ ទាំងផ្នែកប្រវត្តិសាស្ត្រ ទាំងផ្នែកឯកសារពាក់ព័ន្ធទៅនឹងការកំណត់នៅអធិបតេយ្យភាពរបស់កម្ពុជា ដើម្បីឱ្យតុលាការទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជានៅលើប្រាសាទព្រះវិហារ។

ឯកឧត្តម គង់ ពុទ្ធិកា បានបញ្ជាក់ថា តុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានកាត់ក្តីដោយឯករាជ្យភាពផ្អែកទៅលើច្បាប់ ផ្នែកទៅលើអង្គហេតុ ហើយនឹងអង្គច្បាប់គ្រប់គ្រាន់ ដើម្បីធ្វើការកាត់សេចក្តីក្នុងករណីប្រាសាទព្រះវិហារ។ អ្វីដែលតុលាការបានយកមកពិចារណានេះ គឺជាអ្វីដែលមានពិតប្រាកដ បានន័យថា ជាភស្តុងតាងដែលមានពិតប្រាកដជាទឡ្ហីករណ៍ដែលមានពិតប្រាកដដែលកម្ពុជាមាន ដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់កម្ពុជាចំពោះប្រាសាទព្រះវិហារ។ ការកាត់ក្តីរបស់តុលាការនេះ បង្ហាញអំពីបូរណភាពទឹកដីរបស់កម្ពុជាដែលបានប្រឹងប្រែងការពារដោយអតីតព្រះមហាក្សត្រ ដោយរាជរដ្ឋាភិបាល

សូមជម្រាបថា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ព្រះករុណា ព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) បានប្តឹងទៅតុលាការយុត្តិធម៌អន្តជាតិ ទីក្រុងឡាអេ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩។ សាលក្រមតុលាការអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារ។តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីកានេះ ដោយបានសម្រេចសេចក្តីថា៖
១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា
៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

ក្រោយពីសាលក្រមប៉ុន្មានថ្ងៃ ថៃក៏បានធ្វើរបងលួសបន្លា ដោយឯកតោភាគីដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦២ ជាខ្សែព្រំដែន។ នៅឆ្នាំ២០០១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើសំណើជាផ្លូវការ ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ពេលនោះថៃទាមទារឱ្យមានការចុះបញ្ជីរួមគ្នា តែកម្ពុជាជំទាស់ដោយសារ ប្រាសាទព្រះវិហារជារបស់កម្ពុជា ស្ថិតនៅក្នុងទឹកដីកម្ពុជា។

ក្រោយកម្ពុជាបានចំណាយពេលជាង៧ ឆ្នាំ ពោលគឺនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូ បានសម្រេចធ្វើពិធីផ្លូវការ ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ថៃមានការខឹងយ៉ាងខ្លាំង ក្រោយការទាមទាររបស់ខ្លួនមិនបានសម្រេច។ បន្ទាប់ពីការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក កងទ័ពថៃក្រោមការដឹកនាំរបស់រដ្ឋាភិបាល អភីស៊ីត នៃគណៈបក្សប្រជាធិបតេយ្យថៃ បានឈ្លានពានតំបន់ប្រាសាទព្រះវិហារជាបន្តបន្ទាប់ចំនួន ៤ លើក៖ លើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨, លើកទី២ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩, លើកទី៣ ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១១ និងលើកទី៤ ថៃបានធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនក្នុងតំបន់ផ្សេងៗទៀត នៅថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១១។

កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ឱ្យបកស្រាយសាលដីកាក្រុងឡាអេ ឆ្នាំ១៩៦២ ឡើងវិញ។ នៅថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ បានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។ ប៉ុន្តែ សេចក្ដីសម្រេចលើកទី២នេះ នៅតែមិនអាចចាប់បង្ខំឱ្យថៃអនុវត្តតាមបានដដែល៕
ដោយ៖ពលជ័យ

ads banner