កូនឈើប្រណិតចម្រុះជាងពីរម៉ឺនដើម ត្រូវដាំក្នុងថ្ងៃយុទ្ធនាការ “ផ្ទះ១ខ្នង-ឈើ១ដើម” នាខែកក្កដានេះ

បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបងនឹងបើកយុទ្ធនាការ “ផ្ទះមួយខ្នង-ដើមឈើមួយដើម”ត្រូវចាប់ផ្តើមពីទីក្រុងបាត់ដំបងមុនគេ បន្ទាប់មកឆ្ពោះទៅកាន់បណ្តាស្រុកនានារបស់ខេត្ត។

កាលពីរសៀលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានសម្រេចបើកយុទ្ធនាការផ្ទះមួយខ្នងដាំដើមឈើមួយដើមនៅសប្តាហ៍ទី២ខែកក្កដាខាងមុខនេះ។

ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា យុទ្ធនាការនេះនឹងចាប់ផ្តើមព្រមៗគ្នានៅថ្ងៃទី១១ខែកក្កដានៅក្នុងក្រុងបាត់ដំបង និងបណ្តាទីប្រជុំជនស្រុកទាំង១៣នៃខេត្តបាត់ដំបង។ដោយឡែកសម្រាប់ក្រុងបាត់ដំបង នឹងបើកយុទ្ធនាការជីករណ្តៅ នៅថ្ងៃទី ២៣ ខែមិថុនាដើម្បីត្រៀមដាំដើមឈើ២៥ ០០០ដើម។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អង្គការ និង សប្បុរសជននានា មេត្តាចូលរួមជួយផ្តល់ដើមឈើ ដើមផ្កា ដើម្បីចូលរួមនៅក្នុងយុទ្ធនាការ “ផ្ទះមួយខ្នង ដើមឈើមួយដើម” នៅក្នុងខេត្តបាត់ដំបង បានទទួលនូវលទ្ធផល ជាផ្លែផ្កា ដើម្បីទុកជាប្រយោជន៍ ដល់មនុស្សជាតិគ្រប់ៗគ្នាសម្រាប់អ្នកជំនាន់នេះនិងអ្នកជំនាន់ក្រោយទៀត។

ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ប្រធានរដ្ឋបាលព្រៃឈើ ដែលបានផ្តល់ដើមឈើប្រណិតចំនួន ១០ ០០០ដើម ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំដាំនៅក្នុងយុទ្ធនាការនេះផងដែរ ។

តាមរយៈយុទ្ធនាការ”ផ្ទះមួយខ្នង-ដាំដើមឈើមួយដើម”នេះ ឯកឧត្តម សុខ លូ បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ទីក្រុងបាត់ដំបង នឹងមានសម្រស់កាន់តែស្រស់ស្អាត និងបន្ទាប់ពីដើមឈើដែលត្រូវដាំនោះបានលូតលាស់ល្អ និងមានការចូលរួមថែទាំពីម្ចាស់លំនៅដ្ឋានផ្ទាល់និងពីអាជ្ញាធរមូលដ្ឋាននៅទីនោះ និងធ្វើឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ផ្តល់ភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តបាត់ដំបង និងកាន់តែកើនច្រើនឡើងថែមទៀត…៕./. ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner