“អង្គការសម្ព័ន្ធមិត្តសត្វព្រៃបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ដើមក្នុងយុទ្ធនាការដាំដើមឈើ ១ លានដើម”

(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងធ្វើការបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើម ដែលគាំទ្រលើ “យុទ្ធនាការដាំដើមឈើ ១លានដើម”។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។

ក្នុងចំណោមកូនឈើចំនួន ១៩៧ ០០០ ដើម អង្គការគ្រោងនឹងបរិច្ចាគចំនួន ៨២ ០០០ ដើមជូនចំពោះក្រសួងបរិស្ថាន ចំនួន ៥០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកោះកុង ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និង ចំនួន ២០ ០០០ ដើម ជូនចំពោះរដ្ឋបាលស្រុកវាលវែង។ កូនឈើចំនួន ៥០០០ ដើមដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំងតាមបណ្តោយផ្លូវជាតិលេខ ៥៥។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។

ក្នុងចំណោមប្រភេទទាំងនោះ មានកូនឈើចំនួន ៧ ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង យោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ កូនឈើទាំងអស់នេះមានអាយុចន្លោះប្រហែល ១ ទៅ ១ ឆ្នាំកន្លះ មានសុខភាពល្អ និងមានភាពធន់ខ្លាំង ដែលត្រៀមក្នុងការដាំនៅឆ្នាំនេះ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ក៏ដូចជាការដាំដើមឈើដែលបានបាត់បង់ឡើងវិញផងដែរ។ ការបរិច្ចាគនេះធ្វើឡើងតាមរយៈការប្រកាសប្តេជ្ញាកាលពីឆ្នាំមុនដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាអស់រយៈពេលជាង ២ ទសវត្សមកហើយ ទៅលើកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ “ខ្ញុំសូមប្រកាសជាផ្លូវការថា យុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំចាប់ផ្តើមថ្ងៃនេះ”។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា “ការបរិច្ចាគនេះ ជាការឆ្លើយតបទៅនឹងយុទ្ធនាការដាំដើមឈើ ១ លានដើម ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន។ យើងរំពឹងថាកូនឈើដែលបានបរិច្ចាគនឹងជួយដល់ការស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ”។
“យើងសូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចំពោះការគាំទ្រដ៏មោះមុត លើការដាំស្តារព្រៃឈើនិងស្តារគម្របព្រៃឈើកម្ពុជាឡើងវិញ។ ការផ្តួចផ្តើមគំនិតដាំស្តារព្រៃឈើឡើងវិញនឹងជះឥទ្ធិពលជាវិជ្ជមានលើអាកាសធាតុ ក៏ដូចជាចូលរួមចំណែកក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលលើឆាកអន្តរជាតិ” កញ្ញាបណ្ឌិតបន្ថែម។

គួរបញ្ជាក់ថា ការដឹកជញ្ជូនកូនឈើចំនួន ១៣ ៧៣០ ដើម លើកទីមួយបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ខេត្តកោះកុង។ ប្រភេទពូជកូនឈើទាំងនោះរួមមាន ធ្នង់ ក្រញូង កកោះ បេង ផ្តៀក កោងកាងភ្នំ ត្រសេក ម៉ភេទ និងជើងចែវមូល។

បន្ទាប់មកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កូនឈើចំនួន ១៣ ១២០ ដើមត្រូវបានដឹកជញ្ជូនដល់ខេត្តកំពង់ស្ពឺ។ ប្រភេទពូជកូនឈើទាំងនោះរួមមាន ធ្នង់ ក្រញូង កកោះ បេង ផ្តៀក និងនាងនួន។ កូនឈើដែលនៅសេសសល់នឹងត្រូវចែកចាយទៅកាន់ទីតាំងកំណត់ អំឡុងខែសីហា ឆ្នាំ២០២៤៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner