ប្រធាន ស.ស.យ.ក រួមជាមួយសមាជិក សមាជិកា និងសាធារណជន ទស្សនាខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ជាស្នាព្រះហស្តព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនជាច្រើនទៀត បានអញ្ជើញទស្សនាខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ជាស្នាព្រះហស្តព្រះរាជនិពន្ធ របស់ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ ១៩៦៦ នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ រៀបចំ «ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ» ក្នុងគោលបំណងសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជនីយកិច្ចរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា ខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ជាស្នាព្រះហស្តព្រះរាជនិពន្ធ របស់ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៦៦ ដែលបានបង្ហាញនូវភាពអស្ចារ្យ នៃព្រៃភ្នំ ដែលជាសម្បត្តិធម្មជាតិ នៃព្រះរាជាណាចក្រខ្មែរ ផ្សារភ្ជាប់នឹងជំនឿ សាសនា ដែលស្តែងចេញតាមរយ: ទម្រង់សិល្ប: របាំបុរាណ និងចម្រៀងសម័យ ព្រមទាំងជីវភាពកសិករដែលរស់នៅតាមជនបទស្រុកស្រែចម្ការ ។
ការចាក់បញ្ចាំងខ្សែភាពយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនប្រជានុរាស្រ្តជាកូន ចៅ និងចៅទួតបានទស្សនា និងស្វែងយល់ពីអត្តសញ្ញាណជាតិ លើវិស័យវប្បធម៍ សាសនា សិល្ប: និងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេស គឺដើម្បីរំលឹកដល់ស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ ។
សហភាពសហព័ន្ធយុវជនកម្ពុជា មានសេចក្តីរំភើបជាពន់ពេកក្រៃ ដោយបានទស្សនានូវស្នាព្រះហស្ថដ៏ល្អវិចិត្រ ដែលបានសម្រិតសម្រាំង តាក់តែង និងសម្តែងចេញប្រកបដោយប្រណិតភាពដ៏អស្ចារ្យនៃសម្តេចព្រះវររាជបិតា និងសម្តេចព្រះវររាជមាតិជាតិ ប្រទានទុកដល់កូនចៅ ចៅទួតជាទីស្នេហាដ៏ជ្រាលជ្រៅនៃហ្លួងទាំងទ្វេរ។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់បងប្អូនសាធារណជនដែលបានគាំទ្រ និងចូលរួមទស្សនាខ្សែរភាពយន្ត រឿង «ព្រៃប្រសិទ្ធិ» រយៈពេល ២ថ្ងៃកន្លងមកនេះ យ៉ាងច្រើនកុះករ ។
បើតាម លោក សុខន តារាពី ក្រុមការងារ ស.ស.យ.ក. ដែលទទួលបន្ទុករៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ៖ ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត ក្នុងនោះ មានការនិមន្តព្រះសង្ឃរាជ និងមន្ត្រីសង្ឃទាំងពីរគណៈចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រសរុប ៨៩ អង្គ, កម្មវិធីពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍ ដើម្បីផ្សព្វផ្សាយនូវព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ថ ស្ថាបនិក និងព្រះរាជសកម្មភាពនៃគំរូវីរភាព ប្រកបដោយទសពិធរាជធម៌របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងពិធីបញ្ចាំងខ្សែភាពយន្តដែលជាព្រះរាជនិពន្ធរបស់ព្រះវររាជបិតាជាតិខ្មែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ