មន្ត្រីជាន់ខ្ពស់ក្រសួងឧហ្សាហកម្ម ៖ ការអនុវត្ត «ស៥» ជាមូលដ្ឋានគ្រឹះជួយក្រុមហ៊ុន សហគ្រាស ឆ្ពោះទៅរកឧត្តមភាពធុរកិច្ច

(ភ្នំពេញ)៖ ការអនុវត្តកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» គឺជាមូលដ្ឋានគ្រឹះជួយក្រុមហ៊ុន សហគ្រាស ឆ្ពោះទៅរកឧត្តមភាពធុរកិច្ច តាមរយៈការបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ដោយមិនចាំបាច់ដំឡើងថ្លៃលក់ផលិតផល ។ នេះជាការលើកឡើងរបស់ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំ២០២៤ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។ «ស៥ ក្នុងនោះរួមមាន៖ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដារ និង៥. ស្ថិតស្ថេរ » ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា ក្រសួងបានយកចិត្តទុកដាក់ជំរុញ និងផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលផលិតភាពជាតិ និងនាយកដ្ឋានជំនាញដ៏ទៃទៀត ឱ្យមានកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលនានា ដល់វិស័យឯកជន និង ស្ថាប័នសាធារណៈថែមទៀតផងដែរ ។ ក្រៅពីនេះ ដើម្បីដំណើរការផលិតកម្ម អាជីវកម្មមាននិរន្តភាព ការកាត់បន្ថយថ្លៃដើមផលិត គឺជាចំណុចអាទិភាព ដែលត្រូវអនុវត្តខានមិនបានសម្រាប់អ្នកធុរកិច្ច។

ឯកឧត្តមបានបញ្ជាក់ថា មានក្រុមហ៊ុន សហគ្រាសជាច្រើនបាន និងកំពុងអនុវត្ត តែនៅពុំទាន់បានការទទួលស្គាល់តាមរយៈកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» នេះនៅឡើយ ព្រោះថា ស៥. គឺជាមូលដ្ឋានគ្រឹះជួយក្រុមហ៊ុន សហគ្រាសរបស់លោកអ្នក ឆ្ពោះទៅរកឧត្តមភាពធុរកិច្ច ។ ដើម្បីអនុវត្ត «ស៥». ទទួលជោគជ័យទៅបាន ម្ចាស់ក្រុមហ៊ុន សហគ្រាស ត្រូវមានឆន្ទៈពិតប្រាកដ ផ្នត់គំនិតច្បាស់លាស់តាមន័យផលិតភាព គឺធ្វើយ៉ាងណាឱ្យថ្ងៃនេះ ប្រសើរជាង ថ្ងៃម្សិលម៉ិញ នឹងបន្តធ្វើអ្វីទៀតឱ្យថ្ងៃស្អែក ប្រសើរជាងថ្ងៃនេះ។ បើលោកអ្នកមិនអនុវត្ត ឬបោះបង់ការអនុវត្តវិធីសាស្ត្រ ដែលជួយសន្សំសំចៃ កាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ពេលនោះអ្នក នឹងឈានទៅបោះបង់អាជីវកម្មខ្លួនឯងជាមិនខាន។ បើយើងមិនចាប់ផ្តើមទេ គូប្រកួតប្រជែងយើង នឹងឈានទៅមុខកាន់តែលឿន យើងកាន់តែប្រឈម ដែលអាចឈានទៅដួលរលំអាជីវកម្មមិនខាន ។

ក្នុងឱកាសនោះដែរ លោក អុំ សេរីវុទ្ធ ប្រធានស្តីទីមជ្ឈមណ្ឌលផលិតភាពជាតិ (NPCC) លើកឡើងថា កម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» បានដំណើរការដោយជោគជ័យអស់រយៈ ១ទស្សនវត្តមកហើយ តាំងពីឆ្នាំ២០១៣មកម្លេះ មានមូលដ្ឋានជាផលិតកម្ម និងសេវាកម្ម ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥»នេះ សរុប៧៣ មូលដ្ឋាន ក្នុងនោះមាន ៣៥ មូលដ្ឋាន អនុវត្តបានលទ្ធផលល្អទទួលពានរង្វាន់ប្រចាំឆ្នាំនីមួយៗ ក្នុងចំណោមក្រុមហ៊ុន សហគា្រស ទទួលពានរង្វាន់ទាំង ៣៥នោះ គឺក្រុមហ៊ុនចំនួន០១ ទទួលពានរង្វាន់ប្រចាំឆ្នាំបាន ៣លើក និងក្រុមហ៊ុនចំនួន០៥ ទទួលពានរង្វាន់ប្រចាំឆ្នាំបាន ២លើក។

លោកបន្តថា នៅឆ្នាំ២០២៤នេះ គឺជាឆ្នាំលើកទី៩ហើយ ដែលមជ្ឈមណ្ឌលផលិតភាពជាតិ នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តការអនុវត្តកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ក្នុងទិសដៅលើកកម្ពស់ផលិតភាពសម្រាប់មូលដ្ឋានផលិតកម្ម សេវាកម្ម ព្រោះថា ការអនុវត្តវិធីសាស្រ្តនេះ បានជួយបំបាត់ភាពអសកម្មនានា ដូចជា ការខ្ជះខ្ជាយពេលវេលា វត្ថុធាតុដើម ផលិតផលខូច ភាពគ្មានសណ្តាប់ធ្នាប់នៅកន្លែងការងារ ភាពគ្មានអនាម័យ។ «ស៥» នាំមកនូវអត្ថប្រយោជន៍ រួមមាន ប្រសិទ្ធភាពការងារ ទីតាំងផលិតមានភាពស្រស់ស្រាយ អនាម័យល្អ កាត់ថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ជួយពង្រឹងសមត្ថភាពអ្នកធុរកិច្ច ក្នុងដំណើរការអាជីវកម្មប្រកបដោយនិរន្តភាព ។

លោកបានបញ្ជាក់ថា ការអនុវត្តកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំ២០២៤នេះ ដោយដាក់ពាក្យចូលរួមអនុវត្តកម្មវិធីនេះបានផុលផុស ព្រោះថា កម្មវិធីពិតជាជួយផ្លាស់ប្តូរផ្នត់គំនិតម្ចាស់សហគ្រាសពីការគ្រប់គ្រងមួយមិនច្បាស់លាស់ មិនមានប្រសិទ្ធភាព ខ្ជះខ្ជាយក្នុងផលិតកម្ម មកជាការគ្រប់គ្រងតាមប្រព័ន្ធមួយត្រឹមត្រូវជាក់លាក់ មានការទទួលខុសត្រូវការងារ ចាប់តាំងពីថ្នាក់ដឹកនាំ រហូតដល់និយោជិក។ ជាគោលការណ៍មាន ៥ជំហ៊ាន ដើម្បីអនុវត្តន៍ ស៥ ក្នុងនោះរួមមាន៖ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដារ និង៥. ស្ថិតស្ថេរ ។

លោក ង៉ែត វិបុល អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺជាកត្តាគន្លឹះដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិយើង សម្រាប់ដំណើរឆ្ពោះទៅការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner