ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុ គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ គឺជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្មគ្រឿងបង្គុំសំណង់ជាដើម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា ក្រសួងត្រូវការការគាំទ្រ និងកិច្ចសហការពីធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ដើម្បីឱ្យវិស័យឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្មគ្រឿងបង្គុំសំណង់មានការរីកចម្រើនបន្ថែមទៀតស្របតាមការវិវត្តន៍របស់សង្គមជាតិ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំណត់នូវទិសដៅរួមជាក់លាក់មួយ ដើម្បីក្រសួងងាយស្រួលក្នុងការឆ្លើយតប និងធ្វើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យជំនាញរបស់ក្រសួង សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិរួមគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរំលេចថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូល មានលំនៅឋានរស់នៅសមរម្យក្នុងភូមិឋានក្សេមក្សាន្ត សុខសុវត្ថិភាព មានអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា រស់នៅមានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ និងរស់នៅប្រកបដោយមោទនភាពនៅលើទឹកដីរបស់ខ្លួន ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កន្លងមកថ្វីត្បិតតែវិស័យបានជួបបញ្ហាមួយចំនួនក៏ដោយ ប៉ុន្តែសមាជិក-សមាជិកា នៅតែបន្តផ្តល់ឥណទានជូនអតិថិជន ទៅតាមការវាយតម្លៃពីស្ថានភាពជាក់ស្តែង ។ លោក រត្ន័ សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា ក៍បានបន្ថែមផងដែរថា បញ្ហាទាំងនោះរួមមានការកើនទ្បើងនូវអត្រាឥណទានមិនដំណើរការ ដែលធ្វើឲ្យសមាជិករបស់វិស័យមានការប្រុងប្រយ័ត្នជាងមុនក្នុងការបញ្ចេញឥណទាន។

ដើម្បីឲ្យវិស័យធនាគា និងមីក្រូហិរញ្ញវត្ថអាចចូលរួមចំណែកកាន់តែខ្លាំងបន្ថែមទៀតក្នុងវិស័យអចលនទ្រព្យសាកសមជាដៃគូយុទ្ធសាស្រ្ត លោកជំទាវ ឌិត នីតា ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយពង្រឹងបន្ថែមទៀតទៅលើការគ្រប់គ្រងបុរី ទាំងឯកសារគតិយុត្តិ របាយការណ៍ផ្នែកហិរញ្ញវត្ថុ លិខិតផ្សេងៗដើម្បីឱ្យមានភាពច្បាស់លាស់ ជៀសវាងការបង្កហានិភ័យណាមួយដល់អតិថិជន ឬ គ្រឹះស្ថានដែលផ្តល់សេវាឥណទានជូនអតិថិជនក្នុងការទិញអចលនទ្រព្យ ជាពិសេសស្នើសុំជួយសម្រួលទៅដល់ខាងផ្នែកពន្ធដារ ឬប្រភពទុនដែលមានតម្លៃសមរម្យ ដើម្បីជាការជម្រុញលើកទឹកចិត្តឲ្យសមាជិករបស់សមាគមបញ្ចេញឥណទានក្នុងវិស័យនេះឲ្យកាន់តែមានប្រសិទ្ធភាព។

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner