រដ្ឋបាលខេត្តកំពង់ឆ្នាំង ដាំកូនឈើព្រៃលិចលើដីតំបន់៣ ដែល​ជនល្មើសលួចកាប់រានទន្រ្ទាន

កំពង់ឆ្នាំង៖កូនឈើព្រៃលិចទឹកចំនួន២.៣០០ដើមត្រូវបាន​រៀប​ចំដាំកាលព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ក្នុង​ភូមិ​សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ដោយមានការអញ្ជើញចូល​រួមផ្ទាល់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីជលផល មន្ទីរកសិកម្មខេត្ត អង្គការជាដៃគូ ប្រជាពលរដ្ឋ​និងសិស្សានុសិស្ស។ការដាំរុក្ខជាតិនេះដែរលើផ្ទៃដី ដែល​ជនល្មើសបានកាប់ទន្ទ្រានដោយខុសច្បាប់នាពេលកន្លង​ទៅ។

លោក សាន់ យូ អភិបាលរងខេត្តអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ក្នុងឱកាសនេះថា ខេត្តមាន​ស្រុកចំនួនបី មានផ្ទៃដី​ជាវាលទំនាបជាប់បឹងនិងដៃទន្លេសាប ។ក្នុងនោះមាន ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌​ដែលមាន​វិសាល​​ភាពផ្ទៃ​ដីព្រៃលិចទឹកជាងពីរម៉ឺនហិកតាកន្លងទៅ​មានជនខិលខូចលួចកាប់រាន ទន្ទ្រានយកដីធ្វើស្រែ ជាកម្មសិទ្ធិ ។លោកបន្តថា ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងតឹងរ៉ឹងរបស់​ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេច​ដកផ្ទៃដីទាំង​នោះត្រឡប់មកវិញ។ការចូលរួមដាំកូនឈើ​ព្រៃលិច​ទឹកនៅថ្ងៃនេះគឺជាការចូលរួមចំណែកស្ដារឡើងវិញ​នូវព្រៃលិចទឹកដែលបានបាត់បង់ដោយជនខិលខូចទន្ទ្រានយកកន្លងមក។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង​នេសាទខេត្ត​កំពង់ឆ្នាំងបានលើកឡើងពីសារៈសំខាន់របស់​ព្រៃលិចទឹក។ជាជម្រក​ត្រីពងកូន ជម្រករបស់ត្រី ជម្រកចំណី។វាជាជម្រកសត្វស្លាប សត្វល្មូន និងសត្វច្រើនប្រភេទទៀត។ ព្រៃលិចទឹកក៏ជា​ប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ក៏ជាសក្ដានុពលទេសចរណ៍របស់សហគមន៍មូលដ្ឋាន  ប្រសិន​បើ​រៀបចំឱ្យ​បានត្រឹម​ត្រូវជាក់ស្ដែងដូចជា នៅខេត្តបាត់ដំបង ខេត្តសៀមរាបជាដើម។

លោក ងិន ហ៊ុន បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូម​ជួយថែរក្សាព្រៃលិចទឹកដែលបានដាំនាថ្ងៃនេះ ឱ្យបានគង់វង្ស ហាម​ចូលកាប់ទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់ ៣ ព្រោះមន្ត្រី​ជំនាញ​បានបោះបង្គោលកំណត់រួចហើយ ប្រសិនបើជនណា​នៅតែហ៊ាន​បំពាននឹងទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner