សហរដ្ឋអាមេរិក នៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្ដម ឡយ ជេម អូស្ទីន (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ឯកឧត្ដម ឡយ ជេម អូស្ទីន បានបញ្ជាក់ដូច្នេះតាមរយៈសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២ ។

យោងតាមសារលិខិត ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឡយ ជេម អូស្ទីន បានបង្ហាញសេចក្តីរីករាយដែលបានជួបសម្តេចប្រធានជាថ្មីម្តងទៀត។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបន្តថា ដូចដែលខ្ញុំបានលើកឡើងនៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិក អាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ឯកឧត្ដម ឡយ ជេម អូស្ទីន សូមវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់ សម្តេច ចំពោះសំណូមពរបស់ខ្ញុំ។ ឯកឧត្ដមសង្ឃឹមថា នឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសយើងទាំងពីរ ។

សូមជម្រាបថា ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងនោះ ឯកឧត្ដម ឡយ ជេម អូស្ទីន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានប្រឹទ្ធសភា អនុញាតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា ។

នៅក្នុងជំនួបនោះ ឯកឧត្តម អូស្ទីន បានបញ្ជាក់ថា យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រសើរឡើង។ ឯកឧត្តម បានគិតថា នេះជាឱកាសដែលប្រទេសទាំងពីរ អាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទៅះបីជាយើងមានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ។

ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឲ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងយើងមិនអាក្រក់ពេកនោះទេ។ សម្តេចបានចាត់ទុកថាកន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។

ការខ្វះខាតមួយទៀតគឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឲ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។ សម្ដេចតេជោ ក៏បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជា នៅក្នុងយុទ្ធសិស្សភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែង ដើម្បីប្រកួតប្រជែងកណ្ដាលភូមិភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។ កម្ពុជា បានអនុវត្តនយោបាយរបស់ខ្លួនផ្អែកលើច្បាប់។

សម្ដេចតេជោ និងឯកឧត្តមអូស្ទីន បានឯកភាពគ្នាលើការបន្តឱ្យមានការសន្ទនាគ្នាដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ។

ឯកឧត្ដម អូស្ទីន ក៏បាលបង្ហាញពីបំណងក្នុងការជំរុញ វិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិក មកកម្ពុជា ឲ្យបានច្រើនទៀត។

សម្ដេចតេជោ ក៏បានសម្ដែងការអរគុណ ហើយក៏បញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រ ដល់វិស័យនយោបាយឱ្យរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានបានសម្ដែងនូវក្ដីសង្ឃឹមថា ឯកឧត្តមអូស្ទីន នឹងជំរុញ ឲ្យអ្នកវិនិយោគអាមេរិកមក កម្ពុជាច្រើនថែមទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner