អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការតែងតាំងអភិបាលខេត្ត គឺផ្តោតទៅលើគោលការណ៍គុណភាព ប្រសិទ្ធភាព និងសមត្ថភាព ស្នាដៃ គុណសម្បត្តិរបស់មន្ត្រី

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់ដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី រហូតដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺយកចិត្តទុកដាក់ទៅនឹងគុណភាព និងប្រសិទ្ធភាពនៃការងារ ហេតុដូច្នេះហើយក្នុងការតែងតាំងមន្រ្តី ប្រមុខដឹកនាំរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទៅលើគុណសម្បត្តិរបស់មន្ត្រីម្នាក់ៗ មានសមត្ថភាព មានស្នាដៃ មានការតាំងចិត្តការងារ មានសីលធម៌ ជាដើម សុទ្ធសឹងតែជាកក្តាសំខាន់ៗដែលយកមកវាយតម្លៃក្នុងការតែងតាំងហើយធ្វើជាមន្ត្រី។

អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា ដោយសារតែការយកចិត្តទុកដាក់ទៅលើគុណភាព និងប្រសិទ្ធភាពការងារនេះហើយ បានជារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលធំធេងដែលដឹកនាំប្រទេសរហូតមកទល់បច្ចុប្បន្នពីគំណផេះផង់ ពីអត់មានអ្វីទាំងអស់ មកមានសមិទ្ធផលព្រោងព្រាតដូចសព្វថ្ងៃនេះ គឺជាស្នាដៃដឹកនាំរបស់សម្តេចតេជោ ឥឡូវនេះបន្តវេន្តដោយសម្តេចធិបតី និងដោយមានមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាសេនាធិការដ៏រឹងមាំ។

ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា ការតែងតាំងអភិបាលខេត្តថ្មីៗនេះ គឺផ្តោតទៅលើគោលការណ៍គុណភាព ប្រសិទ្ធភាព សមត្ថភាព ស្នាដៃ គុណសម្បត្តិរបស់មន្ត្រីផងដែរ គឺមិនដូចជាក្រុមប្រឆាំងជ្រុលនិយមនិយាយទេ មិនមានអីចម្លែកទេ ដែលក្រុមគាត់តែងតែនិយាយបង្ខូចបង្កាច់រាជរដ្ឋាភិបាលជារហូតកន្លងមក ក៏ប៉ុន្តែការនិយាយបែបនេះវាអត់បានផល ប្រជាពលរដ្ឋលោកដឹងថា អ្នកណាគឺបញ្ចេញស្នាដៃអស្ចារ្យកសាងប្រទេសនេះ អ្នកណាដែលអភិវឌ្ឍន៍ប្រទេស អ្នកណាដែលបំផ្លាញជាតិពិតប្រាកដ។ អ៊ីចឹងហើយបានជាយើងឃើញហើយថ្មីៗនេះ ការផ្តាច់ខ្លួន ចរន្តផ្តាច់ខ្លួនកាន់តែពុះកញ្រ្ជោលចេញពីបក្សប្រឆាំងមកចូលរួមជាមួយគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា រាជរដ្ឋភិបាល ដោយសារអី? ដោយសារតែសកម្មជន ឬក៏មន្រ្តីបក្សប្រឆាំងទាំងអស់ហ្នឹងមើលឃើញថា ក្រុមប្រឆាំងមានថ្នាក់ដឹកនាំមួយចំនួន និងប្រព័ន្ធឃោសនានយោបាយជ្រុលនិយមមួយចំនួនពីក្រៅប្រទេស គឺតែងតែនិយាយបំផ្លើសបំភ្លៃខុសពីការពិត បង្កើតប្រឌិតព័ត៌មាន អ៊ីចឹងហើយបានជាពួកគេអស់ជំនឿផ្តាច់ខ្លួនចូលមករួមរស់កសាងប្រទេសជាមួយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ នេះជាលទ្ធិផលជាក់ស្តែងដែលបង្ហាញអំពីទង្វើរបស់ពួកគេហ្នឹង៕
ដោយ៖ពលជ័យ

ads banner