ទូតម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី២ កក្កដា ២០២៤ ឯកឧត្តម Shaharuddin Bin Onn  ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Shaharuddin Bin Onn បានជម្រាបជូនសម្តេចធិបតីអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។

ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និង ការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំនិង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។  បន្ថែមលើនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ៕
ដោយៈវណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner