ជប៉ុនប្រើមនុស្សយន្តថែទាំផ្លូវរថភ្លើង
តូក្យូ៖ ក្រុមហ៊ុន West Japan Railway បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្តជាប់ជាមួយឡានដឹកទំនិញ ដើម្បីបំពេញការងារថែទាំ និងត្រួតពិនិត្យផ្លូវេថភ្លើង ដែលនឹងចាប់ផ្តើមដាក់ដំណើរចាប់ពីខែកក្កដានេះតទៅ។
ការប្រកាសនេះកើតឡើងនៅពេលដែលប្រតិបត្តិកររថភ្លើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីទប់ទល់នឹងកង្វះកម្លាំងពលកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព។ ក្រុមហ៊ុន JR West បានបង្កើតមនុស្សយន្តថ្មីមួយ ដែលខ្លួនវាជាប់ជាមួយឡានដឹកទំនិញ និងមានសមត្ថភាពអាចផ្ទុក វត្ថុ មាន ទម្ងន់ រហូត ដល់ ៤០គីឡូក្រាម។
មនុស្សយន្តនេះ អាចពន្លូតកម្ពស់បានរហូតដល់ ១២ម៉ែត្រ ហើយអាចជំនួសការងារផ្នែកលាបថ្នាំ និងកាត់ដើមឈើបាន។ ប្រតិបត្តិករគ្រប់គ្រងមនុស្សយន្តនេះ ដោយប្រើប្រាស់វ៉ែនតា (goggle headset) ដែលភ្ជាប់ជាមួយនឹងកាមេរ៉ា។ នៅពេលអ្នកប្រើប្រាស់បង្វិលក្បាល រ៉ូបូតក៏ធ្វើដូចគ្នាដែរ។ ទម្ងន់នៃវត្ថុដែលបានលើកក៏អាចត្រូវបានគេដឹង តាមរយៈឧបករណ៍បញ្ជានេះផងដែរ។
ប្រធានក្រុមហ៊ុន West Japan Railway លោក Hasegawa Kazuaki បាននិយាយថា ការបង្កើនការប្រើប្រាស់មនុស្សយន្ត គឺមានសារៈសំខាន់ណាស់ ក្នុងការបំពេញនូវបញ្ហាប្រឈម ចំពោះកង្វះបុគ្គលិកបម្រើការងារផ្នែកថែទាំ និងធានានូវប្រតិបត្តិការផ្លូវដែក ដែលមានស្ថេរភាព និងនិរន្តរភាព។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន JR West មនុស្សយន្តនេះ អាចកាត់បន្ថយបន្ទុកការងារថែទាំប្រហែល ៣០ភាគរយ។ ហើយវាក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើឱ្យផ្នែកសុវត្ថិភាពកាន់តែប្រសើរជាងមុន ជាពិសេសការធ្វើការងារដែលមានគ្រោះថ្នាក់ ដូចជាការងារតខ្សែភ្លើងជាដើម៕ ប្រភព: NHK ប្រែសម្រួលដោយ: ឈឹម ទីណា